រាជធានីភ្នំពេញ៖ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣
នាថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋលោកតាលោកយាយបងប្អូនកម្មករកម្មការីនីសរុបប្រមាណជិត២ពាន់នាក់ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យបឹងប្រីយ៍ ភូមិតាគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លោក ធឹម សំអាន អភិបាល នៃគណអភិបាលខណ្ឌព្រែកព្នៅ និងលោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្មTYDA។
លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានបញ្ជូនក្រុមការងារ និងគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋលោកតាលោកយាយបងប្អូនកម្មករកម្មការីនីដែលរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅនាឱកាសដ៏វិសេសវិសាលនេះ។
លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្មTYDA បានថ្លែងថា តាងនាមឱ្យឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិតជាសប្បាយរីករាយដែលបានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋលោកតាលោកយាយបងប្អូនកម្មករកម្មការីនី និងបងប្អូនដែលប្រកបរបរក្រៅប្រព័ន្ធនាឱកាសនេះ។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី លោកតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ដោយមានការមមាញឹកនិងកិច្ចការងារច្រើនឯកឧត្តមបណ្ឌិត និងលោកជំទាវបានផ្តាំផ្ញើតាមរយះលោកឱ្យក្រុមការងារជួយយកចិត្តទុកដាក់នៅក្នុងការពិនិត្យព្យាបាលជំងឺជូនដល់លោកតាលោកយាយបងប្អូនទាំងអស់គ្នាដោយការទទួលខុសត្រូវប្រកបដោយប្រសិទ្ធិភាពផងដែរ៕ សម្រួលផ្សាយ៖ ដារ៉ា
0 Reviews:
Post a Comment