ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, March 9, 2023

ឯកឧត្តមបណ្ឌិត ជា ចាន់តូ អញ្ជើញសម្ពោធឧបដ្ឋានសាលា នៅវត្តល្វា

អ្នកទស្សនា: Views


 កំពង់ធំ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣
ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា បានអញ្ជើញសម្ពោធឧបដ្ឋានសាលា និងពុទ្ធាភិសេកព្រះពុទ្ធរូបថ្មី នៅវត្តល្វា ស្ថិតនៅក្នុងភូមិល្វា ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក សាយ គឹមឡម អភិបាលស្រុកស្ទោង មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទជាច្រើននាក់។

ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ជា ចាន់តូ បានពាំនាំនូវការផ្តាំសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលសម្តេចទាំងពីរតែងតែនឹករលឹក និងយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងគ្រប់ពេលវេលា។

ឯកឧត្តមបណ្ឌិត ជា ចាន់តូ មានប្រសាសន៍លើកឡើងថា យើងមានឱកាសបានសម្ពោធ និងជួបជុំគ្នាក្នុងពេលនេះ ក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញបរិបូរណ៍ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក។ ពុទ្ធចក្រ និងអាណាចក្រត្រូវតែនៅជាមួយគ្នា រីកចម្រើនជាមួយគ្នាក្រោមម្លប់សន្តិភាព ហើយប្រជាពលរដ្ឋម្ចាស់ឆ្នោតត្រូវមានភាពវៃឆ្លាតក្នុងការសម្រេចចិត្ត និងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ដែលប្រកបដោយទសពិធរាជធម៌ ដែលនាំសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ ស្ថិតនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានអំពាវនាវដល់ញាតិញោម ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នា កសាងសមិទ្ធផលថ្មីៗ ឱ្យវត្តមានការរីកចម្រើនថែមទៀត ហើយជួយថែរក្សាឧបដ្ឋានសាលាថ្មីនេះឱ្យបានល្អ និងប្រើប្រាស់បានយូរតរៀងទៅ ក៏ដូចជាការសន្សំបុណ្យកុសលកប់ក្នុងពុទ្ធសាសនា ទាំងនៅក្នុងជាតិនេះ និងបរលោក។

គួរបញ្ជាក់ផងដែរថា ឧបដ្ឋានសាលាថ្មីនេះ ធ្វើអំពីថ្មប្រក់ក្បឿងមានទំហំ២៨ម៉ែត្រ គុណ៣២ម៉ែត្រ ចំណាយអស់ប្រាក់សរុប ២៤ម៉ឺន ៦ពាន់ដុល្លារអាម៉េរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ៕ដោយស៊ុម វណ្ណា

0 Reviews:

Post a Comment