(ពោធិ៍សាត់)៖ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានដំណើរការរយៈពេលពីរថ្ងៃកន្លងមកនេះ បានប្រារព្ធពិធីបិទ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។
បន្ទាប់ពីគណៈអធិបតីទស្សនាការតាំងពិពណ៌ សកម្មភាពការងាររបស់ថ្នាក់ដឹកនាំខេត្ត និងបណ្ដាស្ថាប័ន មន្ទីរ អង្គភាពនានារួចមក ងតាមបបស់ថ្នាក់ដឹកនុងឱកាសដ៏ថ្លៃលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានធ្វើសេចក្ដីរាយការណ៍ អំពីលទ្ធផលនៃការគ្រប់គ្រង ដឹកនាំកិច្ចការរដ្ឋបាល ការអភិវឌ្ឍលើគ្រប់វិស័យ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ នាឆ្នាំ២០២២កន្លងមក។
លោក ស៊ុយ សែម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលនានាជាច្រើនគួរឱ្យកត់សម្គាល់។ ការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មទាំងនេះ បានរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ និងខិតខំថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព និងបរិយាប័ន្ន។
លោករដ្ឋមន្ត្រីបានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រទេសយើងបានដាក់ចេញនូវវិធានការគ្រប់គ្រងឆ្លើយតបនឹងវិបត្តិ ក៏ដូចបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីស្តារផលប៉ះពាល់នានា មកលើសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បណ្តាលមកពីការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានគ្រោះទឹកជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកល ធ្វើឱ្យសេដ្ឋកិច្ចជាតិយើងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស។
ក្នុងនាមរាជរដ្ឋាភិបាល លោក ស៊ុយ សែម បានណែនាំដល់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ ត្រូវខិតខំពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ការពារឱ្យបានបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ព្រះមហាក្សត្រ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត បន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ នៃកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ បន្តខិតខំពង្រឹងកម្លាំងប្រជាការពារឱ្យមានចំនួនសមស្របតាមភូមិសាស្ត្រ ទប់ស្កាត់ការជួញដូរ ប្រើប្រាស់ និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ យុវជន ដើម្បីទាំងអស់គ្នាជៀសឱ្យឆ្ងាយពីគ្រឿងញៀន។
លោកបានបន្តថា ចំពោះគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមដ៏ចម្បងក្នុងសង្គម ដូច្នេះសមត្ថកិច្ចត្រូវបន្តអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងត្រូវរៀបចំសណ្តាប់ឆ្នាប់តាមដងផ្លូវសាធារណៈ ទីប្រជុំជន ជាពិសេសតាមតំបន់រោងចក្រ សហគ្រាសនានា ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍។ បង្កើនការប្រុងប្រយ័ត្នអគ្គិភ័យឆេះផ្ទះសម្បែង ផ្សារ និងមូលដ្ឋានអាជីវកម្ម ផលិតកម្មនានា។ យកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ និងហត្ថពលករបរទេសក្នុងដែលសមត្ថកិច្ចរបស់ខ្លួន។ យកចិត្តទុកដាក់លើការកសាងសមត្ថភាព និងការផ្តល់ការគាំទ្រដល់មន្រ្តីបង្គោលសំខាន់ៗនៅថ្នាក់មូលដ្ឋានរួមមាន៖ មេឃុំ ចៅសង្កាត់ ស្មៀន ប្រធានភូមិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល មន្រ្តីសុខាភិបាលបម្រើការងារតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករដ្ឋ សាលារដ្ឋគ្រប់កម្រិតនៅតាមមូលដ្ឋានឱ្យគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងខិតខំបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព មិនមានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយ។
ក្នុងឱកាសនោះក៏មានបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខេត្ត ស្រុក ក្រុងផងដែរ៕
0 Reviews:
Post a Comment