ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, March 8, 2023

ក្រសួងសុខាភិបាល ពិន័យ និងបិទ​ទីតាំងលក់ឱសថ និងផ្តល់សេវាសុខាភិបាលឯកជន ដែលល្មើសច្បាប់ជិត ៩០០ទីតាំង

អ្នកទស្សនា: Views


 
 (ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះបានថ្លែងថា ក្រសួងសុខាភិបាលពិន័យអន្តរការណ៍ចំពោះទីតាំងផលិត ផលិតផលគ្រឿងសម្អាង អគារលក់ឱសថបុរាណ និងឱសថស្ថាន ដែលមិនបានគោរពតាមច្បាប់ និងបិទ​ទីតាំងសេវាឯកជនដែលបានល្មើសច្បាប់ជិត ៩០០ទីតាំង ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។


ថ្លែងក្នុងសន្និបាតបូកសរុបសមិទ្ធផល សុខាភិបាលរយៈពេល៥ឆ្នាំ (២០១៨-២០២២) លោក ម៉ម ប៊ុនហេង បានឱ្យដឹងថា រវាងឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ គ្រឹះស្ថានអាហរ័ណនីហរ័ណឱសថ គ្រឹះស្ថានអាហរ័ណនីហរ័ណផលិតផលិតផលគ្រឿងសម្អាង អគារលក់ឱសថបុរាណ និងឱសថស្ថាន ដែលមិនបានគោរពតាម ច្បាប់ស្តីពីការ គ្រប់គ្រងឱសថ ត្រូវបានពិន័យអន្តរការណ៍ ៥៤០ករណី និងបានបិទទីតាំងសេវាឯកជនដែលបានល្មើសច្បាប់ចំនួន ៣៤៧កន្លែង ក្នុងនោះមានករណីខ្លះ ត្រូវបន្តតាមនីតិវិធីតុលាការ។

លោកបន្តថា បច្ចុប្បន្ននេះគុណភាពការងារគ្រប់គ្រង និងគុណភាពសេវាសុខភាព ត្រូវបានកែលម្អឱ្យប្រសើរឡើងជាលំដាប់ តាមរយៈយន្តការតាមដាន និងវាយតម្លៃគុណភាពទៀងទាត់ ប្រចាំត្រីមាស ដែលផ្តោតលើគុណភាពរចនាសម្ព័ន្ធ គុណភាពបច្ចេកទេស និងលទ្ធផលសុខភាព។

បើតាមលោករដ្ឋមន្ត្រីសុខាភិបាលបានឱ្យដឹងថា អង្គសន្និបាតរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៣ បានកំណត់ទិសដៅការងារឆ្នាំ ២០២៣ និងឆ្នាំបន្ត សំដៅធានាឱ្យប្រជាជនគ្រប់រូបរស់នៅប្រកបដោយសុវត្ថិភាព សុខភាព និងសុខុមាលភាពល្អ ផ្តោតលើអាទិភាព៖

ទី១. កែលម្អស្ថានភាពសុខភាពប្រជាជន ឱ្យកាន់តែប្រសើរឡើង តាមរយៈការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺមិនឆ្លង សុខភាពផ្លូវចិត្តនិងការបំពានគ្រឿងញៀន ជំងឺឆ្លងចម្បងៗ និងបញ្ហាសុខភាពសាធារណៈដទៃទៀត ដូចជាគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកែលម្អសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារនិងក្រុមវ័យជំទង់ និងកង្វះអាហារូបត្ថម្ភលើកុមារ។

ទី២. ពង្រឹងភាពធន់ និងទំនើបភាវូបនីយកម្មប្រព័ន្ធសុខាភិបាល ជាពិសេសប្រព័ន្ធសន្តិសុខសុខភាព និងប្រព័ន្ធផ្តល់សេវាសុខភាពផ្អែកលើការថែទាំសុខភាពបឋម រួមទាំងចាក់ថ្នាំបង្ការជំងឺដែលអាចការពារបាន ដោយផ្តោតលើសុវត្ថិភាព និងគុណភាពសវា និងការពង្រីកការគាំពារសុខភាពសង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្របដណ្ដប់សុខភាព ជាសកលពង្រឹងគុណភាពបណ្តុះបណ្តាល និងការគ្រប់គ្រងធនធានមនុស្ស លើកកម្ពស់ប្រព័ន្ធផ្គត់ផ្គង់ឱសថសម្ភារៈ បរិក្ខារពេទ្យ ឧបករណ៍ពេទ្យ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ទី៣. ពង្រឹងយន្តការអភិបាលកិច្ចល្អ និងការងារនិយ័តកម្ម ការតាមដាននិងវាយតម្លៃសមិទ្ធផលប្រព័ន្ធសុខាភិបាល និងលើកកម្ពស់ការសិក្សាស្រាវជ្រាវ៕



 

0 Reviews:

Post a Comment