ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, February 28, 2023

អភិបាលខេត្តក្រចេះ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សា១កន្លែង ក្នុងស្រុកចិត្របុរី

អ្នកទស្សនា: Views


(ក្រចេះ)៖ អគារសាលាបឋមសិក្សា កែឌឿក ត្រពាំងឬស្សី ១ខ្នង ៣បន្ទប់ រួមនិងរបង ខ្លោងទ្វារ ស្ថិតនៅក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ជាអំណោយរបស់ព្រះសង្ឃ និងសប្បុរសជននានាដែលប្រើប្រាស់ ថវិការអស់ចំនួនប្រមាណជាង១៦៣លានរៀល បានសម្រេចជាស្ថាពរ និងបានធ្វើពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធីបតីភាពលោក វ៉ា ថន អភិបាលខេត្តក្រចេះ។

លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានថា សាលាបឋម១ខ្នងនេះ កើតចេញពីការផ្ដួចផ្ដើមឡើងតាមរយៈការដឹកនាំកសាងដោយព្រះគ្រូ មង្គលវិសុទ្ធិមុនី យិន ចាន់ធា ជាព្រះគ្រូចៅអធិការវត្តថ្មគ្រែ និងអតីតព្រះគ្រូសូត្រស្តាំ និងឆ្វេងនៃវត្តថ្មគ្រែ រួមអាចារ្យគណៈកម្មការ និងសប្បុរសជននានាមួយចំនួនទៀត ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រ ដើម្បីជាចំណងដៃគោរពដឹងគុណ ទុកជាកេរតំណែលសម្រាប់ប្រជាពុទ្ធបរិស័ទ និងសិស្សានុសិស្សសិក្សារៀនសូត្រ ចំពោះព្រះគ្រូ កែ ឌឿក ជាអតីតព្រះចៅអធិការវត្តដំបូងគេ នៃវត្តថ្មគ្រែនេះ រួមនិងសមិទ្ធផលនានាបន្ថែមទៀត ដែលចំណាយថវិការអស់ប្រមាណជាង ១៦៣លានរៀល។

លោក វ៉ា ថន អភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលដែលស្តែងចេញនាពេលនេះ បញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់មួយពីសំណាក់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋទាំងអស់តំបន់នេះ ក្នុងការចូលរួមតបស្នងសងគុណចំពោះ អតីត ព្រះចៅអធិការវត្ត និងជាការសងគុណចំពោះរាជរដ្ឋាភិបាលដែលបានដឹកនាំនាវាកម្ពុជាឲ្យមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍រីកចម្រើនលើកគ្រប់វិស័យ ក្នុងនោះគឺវិស័យសេដ្ឋកិច្ច ប្រជាជនមានភាពធូរធា មានលទ្ធភាព និងឱកាសបានចូលរួមជួយសង្គមជាមួយគ្នា មិនថានៅតំបន់ជនបទដាច់ស្រយ៉ាលនោះទេ។ ដូច្នេះសូមបងប្អូនចូលរួមថែរក្សា ការពារនៅសមិទ្ធផលដែលបានកកើតឡើង និងរក្សាសុខសន្តិភាពឱ្យបានគង់វង្សទោះស្ថិត ក្នុងតម្លៃណាក៏ដោយ។

លោកអភិបាលខេត្ត បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះព្រះតេជគុណ យិន ចាន់ធា ព្រះចៅអធិការវត្តថ្មគ្រែ រួមទាំងអតីតគ្រូសូត្រស្តាំ-ឆ្វេង រួមនិងគណៈកម្មាការអាចារ្យវត្ត និងសប្បុរសជននានា ដែលបានរួមគ្នាផ្ដួចផ្ដើម កសាងបានសាលារៀនបឋមសិក្សានេះឡើងសម្រេចចេញជារូបរាង ។ សាលារៀន គឺជាថ្នាលបណ្ដុះបណ្ដាលសាបព្រួស នូវចំណេះដឹងទូទៅដល់សិស្សានុសិស្សគ្រប់រូប ដែលជាធនធានមិនអាចខ្វះបាន ប្រទេសជាតិមានការរីកចម្រើន អភិវឌ្ឍន៍ទៅមុខបាន ក៏ដោយសារមានធនធានមនុស្ស ប្រកបដោយចំនេះដឹង-ជំនាញ និងការវិនិយោគទំនាក់ទំនង គៀងគរដៃគូរជំនួយលើកិច្ចសហប្រតិបត្តការណ៍៕


0 Reviews:

Post a Comment