ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, February 21, 2023

ឯកឧត្តម គួច ចំរើន អញ្ជើញបូកសរុបលទ្ធផលការងារបង្ក្រាបគ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣

អ្នកទស្សនា: Views


ព្រះសីហនុ: ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣

រសៀលថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូង លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ និងមេប៉ុស្តិ៍រដ្ឋបាលទាំង២៩ ។

តាមរបាយការរបស់គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ បានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តបង្ក្រាបបានចំនួន ២១៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៧៤នាក់ ស្រី ២៨នាក់ ក្នុងនោះក៏មានជនបរទេសដូចជា ចិន វៀតណាម ថៃ និងម៉ាឡេស៊ី ផងដែរ។ ដោយឡែកកងរាជអាវុធហត្ថបង្ក្រា បបានចំនួន ៨៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៣២នាក់ ស្រី ៣៧នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនទាំង៣០១ករណី កងកម្លាំងរបស់យើងក៏បានធ្វើការបង្ក្រាបបានពីរករណីធំៗ ដកហូតគ្រឿងញៀនបានជាង ២តោន។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នៃកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ប្រកប ដោយការទទួលខុសត្រូវ។ បច្ចុប្បន្នពិភពលោកទាំងមូល ក៏ដូចព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន ហើយការបង្ក្រាបគ្រឿងញៀនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បរិមាណសារធាតុញៀនយ៉ាងច្រើនសន្លឹកសន្ធាប់ត្រូវបានដកហូត។ ផ្ទុយទៅវិញស្ថានភាពរួមនៃការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ មិនត្រឹមតែគ្មានសញ្ញាណថយចុះប៉ុណ្ណោះទេ គឺថែមទាំងមានកំណើនកាន់តែខ្លាំង។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងកិច្ចសហការបង្ក្រាបគ្រឿងញៀននៅឆ្នាំ២០២២ មានករណីធំៗចំនួនពីរ ដែលកងកម្លាំងរបស់យើងធ្វើការស្រាវជ្រាវ នឹងបង្ក្រាបបានគ្រឿងញៀនជាង២តោន ។ នេះជាមោទនភាពសម្រាប់កម្លាំងសមត្ថកិច្ចរបស់យើង ក្នុងការយកចិត្តទុកដាក់ស្រាវជ្រាវបង្ក្រាបគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្នុងនោះករណីបង្ក្រាបធំរបស់កម្លាំងស្នងការនគរបាលខេត្ត ១ករណី ដកហូតថ្នាំញឿនបានចំនួន ៨៧១គីឡូក្រាម ។ ដោយឡែកកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាប ១ករណី ដកហូតបានថ្នាំញឿន ១ ១៣៣គីឡូក្រាម។ ទាំងនេះជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានដែលពួកឧក្រិដ្ឋជនបានធ្វើការនាំចូលមកកាន់ខេត្តព្រះសីហនុ។ ទន្ទឹមនោះកងកម្លាំងប្រដាប់អាវុធរបស់យើងបានធ្វើការស្រាវជ្រាវ ដកហូតបានគ្រឿងញៀនជាច្រើនគីឡូក្រាម និងជាច្រើនករណី។ នេះជាលទ្ធផលនៃការបង្ក្រាបបាននៅក្នុងដែនសមត្ថកិច្ច នៃខេត្តព្រះសីហនុ ។ មានបរិមាណគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ អាចស្ថិតនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងកិច្ចប្រតិបត្តិការរបស់យើងដែលមិនធ្លាប់ជួប ហើយក៏គ្មានរាជធានី ខេត្តណាមួយ ដែលបង្ក្រាបបានច្រើនដូច្នេះដែរ។

ឯកឧត្តមបន្តថា ការបង្ក្រាបដកហូតបានច្រើនបែបនេះ វាមិនកើតនៅក្នុងខេត្តព្រះសីហនុរបស់យើងទេ វាអាចនាំឆ្លងមកពីបណ្តាប្រទេស និងនាំមកពីបណ្តាខេត្តផ្សេងក៏យើងមិនដឹង ហើយនេះជាមោទនភាព ប្រសិនបើយើងបង្ក្រាបមិនបាននោះទេ តើថ្នាំញឿននេះវានឹងរាយប៉ាយដល់មនុស្សប៉ុន្មានសឹបម៉ឺននាក់ទៀត ដែលអាចរងគ្រោះនិងឥទ្ធិពលគ្រឿងញៀនជាក់ជាមិនខាន។ តាមព័ត៌មានដែលយើងបង្ក្រាបបានករណីធំទាំងពីរខាងលើ សុទ្ធតែជាគោលដៅធ្វើការនាំចេញទៅក្រៅប្រទេស ។ មកដល់ពេលនេះការចែកចាយ ការដឹកជញ្ជូនឆ្លងដែន ការផលិត វាបានឆ្លងកាត់ខេត្តរបស់យើង ហើយថ្មីៗនេះកងរាជអាវុធហត្ថចាប់បានម៉ាស៊ីនផលិតគ្រឿងញៀន ២គ្រឿងផងដែរ ដោយសារប៉ុន្មានឆ្នាំមុនយើងជាខេត្តឆ្លងកាត់ និងមានការប្រើប្រាស់ខ្លះ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុបន្តទៀតថា នៅមានបញ្ហាប្រឈមកាន់តែច្រើន ដែលទាមទារឱ្យយើងត្រូវបង្កើនការរួមគ្នាបង្ការ ទប់ស្កាត់ និងធ្វើការដោះស្រាយបង្ក្រាបឱ្យបានទាន់ពេលវេលា ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការតុលាការខេត្តព្រះសីហនុ ផងដែរ។ យើងជាមន្ត្រីសមត្ថកិច្ចត្រូវជំរុញការចូលរួមផ្សព្វផ្សាយអប់រំ ដោយផ្តោតសំខាន់លើការគោរពច្បាប់ចរាចរណ៍ គ្រឿងញៀនខុសច្បាប់ និងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការមួយចំនួនដូចជា ១-ជំរុញការ អនុវត្តវិធានការរដ្ឋបាល។ ២-ជរុញការធ្វើតេស្តទឹកនោម ទៅលើអ្នកបើកបររថយន្តធុនធ្ងន់ ។ ៣-ពង្រឹងភ្នាក់ងារចាស់ កសាងប្រើប្រាស់កម្លាំងភ្នាក់ងារថ្មី ។ ៤-កសាងផែនការយុទ្ធនាការ បង្ក្រាបបទល្មើសគ្រឿងញៀន និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ ស្តីពីគ្រឿងញៀន ។ ៥-បន្តអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាល៕ ដោយ ងូ សុមុនី

0 Reviews:

Post a Comment