ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Friday, February 24, 2023

ខេត្តកំពង់ឆ្នាំងសម្ពោធដាក់ឱ្យប្រើប្រាស់ ទីលានទុកដាក់សំរាមនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប ជំហានទី១

អ្នកទស្សនា: Views

 

 
 
កំពង់ឆ្នាំង ៖ ទីលានទុកដាក់សំរាម ក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប របស់ ខេត្តកំពង់ឆ្នាំង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី ។ ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១១,៦៥ ហិកតា ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ កន្លែងទុកដាក់សំរាមត្រូវបានរចនាឡើងជាពីររណ្ដៅ ដែលរណ្ដៅនីមួយៗមានក្រឡាផ្ទៃ ០,៦៤ ហិកតា (បណ្ដោយ៨០ម៉ែត្រ ទទឹង៨០ម៉ែត្រ និងជម្រៅ១ម៉ែត្រ) និងមានសមត្ថភាពផ្ទុកសំរាមបាន ចំនួន ១២០.០០០ ម៉ែត្រគីប។ គម្រោងនេះបានចំណាយថវិកាសាងសង់ប្រមាណ ១,៣៩ លានដុល្លារ អាមេរិក ហើយគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣២ សម្រាប់ ប្រជាជនក្នុងក្រុងកំពង់ឆ្នាំង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូ អភិវឌ្ឍន៍មួយ តែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចី ឥណទាន និងបានថ្លែងអំណរក្រុមហ៊ុនសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស នៃក្រសួង សាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។ទីលានទុកដាក់សំរាម នឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពការរស់នៅរបស់បងប្អូននៅក្នុងតំបន់ និង តំបន់ជុំវិញ ជាពិសេសគឺការកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុល បំផ្លាញបរិស្ថាន ផងដែរ ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានធ្វើឱ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ដែលបាន អនុញ្ញាតឱ្យមានការសិក្សា ការសាងសង់ស្តារ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានជាបន្តបន្ទាប់ ការលើកកម្រិតគុណភាពផ្លូវជាតិ/ផ្លូវខេត្ត គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងសាងសង់ផ្លូវដែក ល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និង គម្រោងសាងសង់អាកាសយានដ្ឋានថ្មីៗ ជាដើម។ ដោយសារមានសុខសន្តិភាពពេញលេញ ទើបប្រទេសមានការអភិវឌ្ឍ និងនាំមកនូវការវិនិយោគ គ្រប់ទម្រង់ ជាមួយការផ្តល់ឱកាសការងារជាច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលទាំងអស់នេះគឺជា បច្ច័យដែលធ្វើឱ្យអត្រាអាយុសង្ឃឹមរស់ របស់ប្រជាជនខ្មែរយើងមានការកើនឡើង បើធៀបនឹងរយៈពេលជាង ២០ឆ្នាំមុន។ អ្វីដែលជាមោទនភាពនោះ គឺអត្រាអាយុសង្ឃឹមរស់របស់កម្ពុជាយើង មានការកើនឡើង បើទោះជាប្រទេសយើង ជាប្រទេសកំពុងអភិវឌ្ឍក៏ដោយ៕ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង





0 Reviews:

Post a Comment