ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Saturday, February 11, 2023

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ បន្ទាប់បញ្ចប់ដំណើរទស្សនកិច្ច ប្រកបដោយជោគជ័យខ្ពស់ក្នុងប្រទេសចិន

អ្នកទស្សនា: Views

(ប៉េកាំង, ប្រទេសចិន)៖ បន្ទាប់ពីបញ្ចប់ដំណើរប្រកបដោយជោគជ័យ និងផ្លែផ្កាខ្ពស់លើទឹកដី​ប្រទេស​ចិន សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកប្រទេសកម្ពុជាវិញហើយ នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ វេលាម៉ោង ៨៖៤៥នាទីព្រឹកម៉ោងនៅរដ្ឋធានីប៉េកាំង ត្រូវនឹងម៉ោង ៧៖៤៥នាទីព្រឹក ម៉ោងនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន កាលពីថ្ងៃទី០៩ ខែកុម្ភៈ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន។ ដំណើរទស្សនកិច្ចចំខួប ៦៥ឆ្នាំនៃចំណងទំនាក់ទំនងកម្ពុជា-ចិន បើទោះបីមានរយៈពេលខ្លី តែលទ្ធផលទទួលបាន​មាន​កម្រិតខ្ពស់គួរឱ្យកត់សម្គាល់។

ថ្ងៃដំបូងនៃដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រុមហ៊ុនធំៗ​ផ្នែកសាង​សង់​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានរបស់ចិន ចំនួន ៣ក្រុមហ៊ុនចូលជួបសម្តែងការគួរសម។ ក្រុមហ៊ុនទាំង៣នេះ ជាក្រុមហ៊ុនដែលធ្លាប់ទទួលបានសិទ្ធិក្នុងសាងសង់ផ្លូវ​ និងស្ពាននៅក្នុងប្រទេស​កម្ពុជា ហើយក៏បានសិក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំ ខាន់ៗមួយចំនួនទៀត​នៅក្នុង​ប្រទេសកម្ពុជា។

ក្នុងជំនួបនោះថ្នាក់ដឹកនាំក្រុមហ៊ុន បានជម្រាបសម្តេចតេជោ ពីការសាងសង់ និងប្រតិបត្តិការផ្លូវ​ល្បឿន​លឿនភ្នំពេញ-ក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានិងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ របស់វៀតណាម ដែលគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។

ក្រុមហ៊ុនវិនិយោគចិនទាំងនោះ ក៏បានជំរាបសម្តេចតេជោនាយករដ្ឋមន្ត្រី ពីការវិនិយោគលើការដឹក​ជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវ​រថ​ភ្លឿងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត។ ក្រុមហ៊ុន ក៏បានជម្រាបជូនសម្តេចតេជោពីគម្រោង​នៃការវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាប​ទៅកាន់អាកាសយាន​អន្តរ​ជាតិ​ថ្មីនៅជីក្រែង ក្នុងខេត្តសៀមរាប។

ក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនចិន សិក្សាពីគ្រោងវិនិយោគ​ផ្លូវ​ល្បឿនលឿនធន់ស្រាល ពីរាជធានីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើង​ល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍មមាញឹក។

នៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ច ពោលគឺនៅថ្ងៃទី១០ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានជួបពិភាក្សាការងារទ្វេភាគីជាមួយមេដឹកនាំកំពូលៗរបស់ចិន រួមមាន លោក ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក លី សានស៊ូ (Li Zhanshu) ប្រធានសភាប្រជាជនចិន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។

ក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ និងលោកប្រធានាធិបតីចិន ក៏ដូចជាជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានសម្តែងនូវការពេញចិត្តចំពោះចំណង​មិត្តភាពដ៏រឹងមាំ​រវាង​កម្ពុជា-ចិន ដែលគ្មានកម្លាំងណាមកបំបែកបាន។ ភាគីទាំងពីរ បានបង្ហាញការតាំងចិត្តជាថ្មី​ក្នុង​ការពូនជ្រុំ ពង្រីក និងពង្រឹងចំណងមិត្តភាពដែកថែបឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការពង្រឹង​ស្មារតីកសាង​ «សហគមន៍តែមួយ ជោគវាសនាតែមួយ» ដោយផ្តោតសំខាន់លើវិស័យចំនួន៦ រួមមាន៖ នយោបាយ និងការទូត, វិស័យសមត្ថភាពផលិត និងវាយភណ្ឌ, កសិកម្ម, ថាមពល,សន្តិសុខ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់វិស័យ​សុខាភិបាល​នៅកម្ពុជា។

ភាគីទាំងពីរប្រកាសយកឆ្នាំ២០២៣ ដែលជាឆ្នាំខួប៦៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរនោះ ជាឆ្នាំមិត្តភាព ដោយធ្វើសកម្មភាពនានា ដើម្បីអបអរសាទរខួបទំនាក់ទំនងនេះ។ កម្ពុជា និងចិន ក៏បានដាក់ចេញកិច្ចសហប្រតិបត្តិការថ្មីមួយទៀត ហៅថា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលជាកិច្ចសហប្រតិបត្តិការថ្មីមួយទៀត។ កិច្ចសហប្រតិបត្តិការថ្មីនេះ ផ្តោតលើសសរ​ស្តម្ភ​នយោបាយ, ផលិតកម្ម, កសិកម្ម, ថាមពល និងសន្តិសុខ។

ភាគីទាំងពីរ ក៏ឯកភាពបន្តជំរុញការផ្លាស់ប្តូរកម្រិតខ្ពស់គ្រប់ទម្រង់ ដើម្បីការអភិវឌ្ឍទំនាក់​ទំនង​ជា​យុទ្ធសាស្រ្ត និងការជឿជាក់ផ្នែកនយោបាយ។ ភាគីចិន បានប្រកាសជំហរនយោបាយការបរទេសគាំទ្រពេញទំហឹងចំពោះ ១៖ ការជ្រើសរើសមាគ៌ា អភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន, ២៖ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍នានា, ៣៖ ការអភិវឌ្ឍបន្តបន្ទាប់ តាមរបៀបវារៈនយោបាយកម្ពុជា និង៤៖ ប្រឆាំងដាច់ខាតចំពោះ​ការជ្រៀតជ្រែក​ចូលកិច្ចការ​ផ្ទៃ​ក្នុង​របស់កម្ពុជា។

ដោយឡែកកម្ពុជាវិញ បានប្រកាសចេញនូវនយោបាយ ១៖ ប្រកាន់នយោបាយចិនមួយ, ២៖ ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់ចិន និង៣៖ គាំទ្រចិន ការពារផល​ប្រយោជន៍​​​ស្នូល ព្រមទាំងការបង្រួបបង្រួមជាតិ។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រគំនិតផ្តួចផ្តើមរបស់លោក ស៊ី ជីនពីង លើការអភិវឌ្ឍន៍កសិកម្ម និងវារីវប្បធម៌នៅតំបន់ជុំវិញបឹងទន្លេសាប ដើម្បីបង្កើតរបៀងមច្ឆជាតិ និងអង្គរនៅភាគពាយ័ព្យរបស់កម្ពុជា។ សម្តេចតេជោ បានសម្រេចបង្កើតប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជានៅទិសពាយ័ព្យប្រទេស ដោយគ្របដណ្តប់លើខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏បានផ្តល់ជំនួយជាង ៤៤លានដុល្លារ សម្រាប់សាងសង់ផ្លូវដែកនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើនោះ ប្រទេសទាំងពីរ បានចុះហត្ថលេខាលើឯកសារសំខាន់ៗរហូតដល់ទៅ១២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់​ដណ្តប់​លើនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។

សម្រាប់ជំនួបជាមួយប្រធានសភាប្រជាជនចិនវិញ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យមានការពង្រឹងនូវកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងថែមទៀត លើស្ថាប័ននីតីបញ្ញត្តិរវាងប្រទេសទាំងពីរ។

ក្រៅតែពីជំនួបខាងលើសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបើក​វេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន។ វេទិកានេះ រៀបចំឡើងផ្តោតទៅលើការជំរុញ​ទំនាក់​ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងកម្ពុជា និងចិន ព្រមទាំងពិភាក្សាអំពីបច្ចុប្បន្ន​ភាពវិស័យសក្តានុពល កាលានុវត្តភាព ក៏ដូចជាគោលនយោបាយលើកទឹកចិត្ត​វិនិយោគ​នៃប្រទេស​ទាំងពីរ។

ក្នុងវេទិកានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកវិនិយោគ អ្នកធ្វើធុរកិច្ចរបស់ចិន វិលត្រឡប់មកកាន់កម្ពុជាវិញ ឱ្យដូចមុនពេលជំងឺកូវីដ១៩រាតត្បាត។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំពារដល់អ្នកវិនិយោគទាំងនោះ ជាមួយបរិយាកាសវិនិយោគល្អប្រសើរ និងឱកាសទាញផលចំណេញពីនយោបាយពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មសេរី ដែលកម្ពុជាបានធ្វើជាមួយប្រទេសនានា។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ សម្តេចតេជោ និងគណៈប្រតិភូអញ្ជើញ​ដាក់​កម្រង​ផ្កាគោរពវិញ្ញាណក្ខន្ធ វីរបុរសរបស់ចិន ដែលបានធ្វើពលីកម្មសាច់​ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេស​ពីនឹមអាណា​និគម នៅស្តូបអនុស្សាវរីយ៍​វីរបុរសចិន មុខវិមានធានអានមិន។

ជាមួយអក្សរចារឹកពណ៌មាស នៃការគោរពវិញ្ញាណក្ខន្ធវីរបុរសចិន, សម្តេចតេជោនាយក​រដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា បានលំឱនកាយវាចា​ចិត្តគោរពដោយ​ស្មោះ​ស្ម័គ្រ ជូនចំពោះវីរបុរសចិន ដែលបានធ្វើពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុ​រំដោះជាតិពីអាណានិគម រហូតទទួលបានឯករាជ្យយ៉ាងពេញលេញ រហូតមកដល់បច្ចុប្បន្ន។ ជាពិសេសបានជំរុញល្បឿន​​នៃការអភិវឌ្ឍប្រទេសចិន ក្លាយជាមហាអំណាច​សេដ្ឋកិច្ចធំទី២ នៅលើសាកលលោក៕

0 Reviews:

Post a Comment