ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, January 10, 2023

ឯកឧត្តម ជា ចាន់តូ អញ្ជើញចូលរួមក្នុងពិធីចុះបឋមសិលាអគារសិក្សាថ្មី របស់សាលាបឋមសិក្សា ឯក អេម សង់ឃ្លាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ

អ្នកទស្សនា: Views

(កំពង់ធំ)៖ សាលាបឋមសិក្សាឯក អេម សង់ឃ្លាំង ទទួលបានអគារសិក្សាថ្មីមួយខ្នង៣បន្ទប់ ជាអំណោយរបស់លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ និងលោកស្រី ខៀវ ស៊ីណា បន្ទាប់ពីលោកបានមើលឃើញពីការខ្វះខាតថ្នាក់ សម្រាប់ការសិក្សារបស់សិស្សនុសិស្សនៅទីនោះ។

អគារថ្មីមួយខ្នង៣បន្ទប់ដែលបានផ្ដល់ជូន ដល់សាលាបឋមសិក្សាឯក អេម សង់ឃ្លាំងនេះ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការសាងសង់ជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រោមការចូលរួមរបស់លោក ជា ចាន់តូ។

លោកអភិបាលស្រុកសន្ទុក ក្នុងនាមមាតា បិតា អាណាព្យាបាលលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាឯក អេម សង់ឃ្លាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តនឹងកាយវិការសប្បុរសរបស់លោក ជា ចាន់តូ និង លោកស្រី ខៀវ ស៊ីណា ដែលបានជួយកសាងអគារថ្មីបន្ថែម ដល់សាលាបឋមសិក្សាឯក អេម សង់ឃ្លាំង ដើម្បីបំពេញដល់សេចក្ដីត្រូវការថ្នាក់រៀនរបស់សិស្សានុសិស្ស សម្រាប់ឆ្នាំសិក្សាថ្មី និងឆ្នាំបន្តបន្ទាប់ទៀត។

លោក ឯក ប្រុស អ្នកទទួលការងារសាងសង់បានឲ្យដឹងថា អគារថ្មីដែលត្រូវសាងសង់នៅពេលនេះ សង់ពីថ្មីប្រក់ក្បឿងមានមួយខ្នង៣បន្ទប់ តាមការគ្រោងទុកអគារនេះ នឹងរួចរាល់នៅអំឡុង ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

សូមបញ្ជាក់ថា ការសង់អគារសិក្សានេះ ក៏មានការអនុញ្ញាតិឲ្យមានការកសាងចេតីយអតីតព្រះគ្រូចៅអធិការ ស្ថិតនៅបរិវេណវត្តសង់ឃ្លាំងផងដែរ។

លោក ជា ចាន់តូ បានក្រើនរំលឹកដល់អ្នកទទួលម៉ៅការសាងសង់ឲ្យបង្កើនស្មារតី ដោយការទទួលខុសខ្ពស់ ចំពោះការងារមួយនេះធ្វើយ៉ាងណាឲ្យការសាងសង់ សម្រេចបានលឿនតាមផែនការ និងត្រូវគោរពឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសដោយធានាឲ្យបានទាំងគុណភាព និងសោភណ្ឌភាព។

សូមជម្រាបថា សាលាបឋមសិក្សា ឯក អេម សង់ឃ្លាំង បច្ចុប្បន្នមានតែអគារមួយខ្នង៥បន្ទប់ប៉ុណ្ណោះ ដែលកសាងឡើងដោយមហាឧបាសិកា ឯក អេម នៅក្នុងឆ្នាំ២០១០ ដែលមានសិស្សកំពុងសិក្សារហូតដល់៣១៧នាក់ ក្នុងនោះមានសិស្សស្រីចំនួន១៥២នាក់ បើប្រៀបធៀបទៅនឹងពេលមុនសិស្សមានការកើនឡើងជាបន្តបន្ទាប់៕

0 Reviews:

Post a Comment