ការលើកឡើងរបស់លោក ហ៊ុន ម៉ានី ក្នុងឱកាសចូលរួមពិធីអបអរសាទរទិវាសប្បុរសធម៌លើកទី១២ ហើយលោកក៏ចូលរួមអបអរសាទខួប៦៣ ឆ្នាំនៃកំណើតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យលើសកម្មភាពការងារកន្លងមក។
លោកបញ្ជាក់ថា និស្សិតទាំងអស់ ដែលបានចូលរួមចំណែកក្នុងការរៀបចំទិវាសប្បុរសធម៌នេះ ឡើងជារៀងរាល់ឆ្នាំ ដែលសកម្មភាពទាំងអស់នេះ ពិតជាមិនអាចកាត់ផ្ដាច់បានពីការចូលរួម និងការឧបត្ថម្ភគាំទ្ររបស់សប្បុរសជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានឡើយ។
ផ្សាភ្ជាប់ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានលើកឡើងអំពីសារៈសំខាន់នៃការងារស្ម័គ្រចិត្ត ដែលជាថ្នាលបណ្ដុះចំណេះដឹងបន្ថែមលើចំណេះដឹង ដែលមាននៅក្នុងសាលា ដោយឯកឧត្តមបានលើកឡើងអំពីការចូលរួម ក្នុងកម្មវិធីនានាដែលជាការផ្ដល់ឱកាសសម្រាប់លោកផ្ទាល់ ក៏ដូចជាយុវជនផ្សេងទៀត ក្នុងការរៀនសូត្រពីថ្នាក់ដឹកនាំដទៃ។
ជាក់ស្ដែងកម្មវិធីព្រឹកនេះ ពិតជាបានបង្ហាញយ៉ាងច្បាស់អំពីការសហការគ្នាបានយ៉ាងល្អ រវាងក្លឹបយុវជនកាកបាទក្រហម និងនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង។
ជាចុងក្រោយ លោកបានលើកទឹកចិត្តដល់យុវជនទាំងអស់ ឲ្យបន្តចូលរួមការងារស្ម័គ្រគ្រប់ក្របខណ្ឌទាំងអស់ មិនថាការងារតូចក្ដី ធំក្ដី ទោះធ្វើក្នុងទម្រង់ណាក៏ដោយ ប៉ុន្តែក្រោមរូបភាព និងបង្កប់ទៅដោយអត្ថន័យអប់រំសម្រាប់មនុស្សគ្រប់គ្នា។
សូមជម្រាបជូនថា កម្មវិធីសប្បុរសធម៌លើកទី១២ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ នៅមជ្ឃមមណ្ឌល CKCC។
កម្មវិធីនេះក៏មានការចូលរួមពីលោក ពិត ចំណាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងលោក ឃួង ស្រេង សប្បុរសជន និងសិស្សានុសិស្ស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាច្រើនរូប៕
0 Reviews:
Post a Comment