ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, January 25, 2023

អាជ្ញាធរជាតិអប្សរាធ្វើកម្រាលផ្លូវដើរថ្មី សម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត

អ្នកទស្សនា: Views

    (សៀមរាប)៖ ចាប់តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមដំណើរការរៀបចំធ្វើកម្រាលផ្លូវដើរនៅមុខប្រាសាទអង្គរវត្ត ក្នុងគោលដៅកាត់បន្ថយភាពសឹករិចរឹលរបស់ថ្ម និងគ្រប់គ្រងរំហូររបស់ភ្ញៀវទេសចរចូលមកទស្សនាក្នុងប្រាសាទឱ្យមានភាពល្អប្រសើរ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គោលដៅចម្បងនៃការរៀបចំកម្រាលផ្លូវដើរ នៅបរិវេណប្រាសាទអង្គរវត្តនេះ ដើម្បីកាត់បន្ថយភាពសឹករិចរឹលនៃថ្មប្រាសាទ ដោយសារកន្លងមក ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ បណ្តាលឱ្យមានភក់ជាប់មកជាមួយនូវបាតស្បែកជើង ជាហេតុនាំយកដីទាំងនោះទៅកកិតជាមួយនឹងថ្ម។ ម្យ៉ាងទៀត ដើម្បីគ្រប់គ្រងរំហូររបស់ភ្ញៀវទេសចរឱ្យសមរម្យ ចៀសវាងការដើរនៅលើស្មៅ និងលើដី រក្សាបានរបៀបរៀបរយ និងរួមចំណែកលើកកម្ពស់សោភ័ណភាពប្រាសាទអង្គរវត្តឱ្យមានភាពបៃតងគ្រប់រដូវកាល។

លោកបន្តទៀតថា គម្រោងរៀបចំកម្រាលផ្លូវដើរនៅប្រាសាទអង្គរវត្ត ត្រូវបានអនុវត្តចំនួន៣ដំណាក់កាល ដោយដំណាក់កាលទី១នេះ អាជ្ញាធរជាតិអប្សរាទទួលបានថវិកាឧបត្ថម្ភពីមូលនិធិរបស់ GIZ ក្រោមការសម្រួលរបស់អង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា សម្រាប់រៀបចំកម្រាលផ្លូវដើរមានប្រវែងសរុប៤៧៦ម៉ែត្រ។ ជំហានដំបូង ដំណើរការរៀបចំកម្រាល សម្រេចលទ្ធផលប្រមាណ៦០ភាគរយហើយ មកដល់ពាក់កណ្តាលខែមករានេះ ដោយរំពឹងថានឹងអាចរួចរាល់ជាស្ថាពរនៅចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។ លោកបានបន្តទៀតថា កម្រាលផ្លូវដើរថ្មីដែលអាជ្ញាធរជាតិអប្សរា ធ្វើការរៀបចំនេះមានចំនួន៤កន្លែងផ្សេងគ្នា ចំណែកកម្រាលឈើចាស់ក៏នៅរក្សាទុកដដែល។

អាជ្ញាធរជាតិអប្សរាមានក្តីសង្ឃឹមថា ក្រោយពេលរៀបចំកម្រាលផ្លូវថ្មីរួចរាល់ ភ្ញៀវទេសចរទាំងអស់ និងធ្វើដំណើរនៅលើកម្រាលផ្លូវនេះចៀសវាងការដើរជាន់លើវាលស្មៅ និងចូលរួមគោរពទៅតាមក្រមប្រត្តិបត្តិអង្គរ។ ក្នុងនោះដែរក៏សំណូមពរដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមថែរក្សាបរិស្ថាននៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងអស់គ្នា ដោយដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ៕

0 Reviews:

Post a Comment