ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Saturday, January 21, 2023

មន្ត្រីជំនាញបោសសម្អាតមីនអ៊ុយក្រែន បញ្ចប់ដោយជោគជ័យ​វគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីន នៅកម្ពុជា

អ្នកទស្សនា: Views

 (សៀមរាប)៖ មន្ត្រីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែន បានបញ្ចប់ដោយជោគជ័យ វគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ដែលបណ្តុះបណ្តាល ដោយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

ពិធីបិទវគ្គហ្វឹកហ្វឺននេះ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក អ៊ុច បូរិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC, លោក Ichitomo TANINAN ភារធារីស្ថានទូតជប៉ុនប្រចាំកម្ពុជា, លោកស្រី Katsura MIYAZKI អនុប្រធានអង្គការ JICA មកពីទីក្រុងតូក្យូ និងលោក Stanislav Kulykivsky ប្រធានជំនួយច្ចេកទេសរបស់អ៊ុយក្រែន។

លោក ហេង រតនា ក្នុងនាមថ្នាក់ដឹកនាំ និងបុគ្គលិករបស់ CMAC ជាពិសេសប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខ និងសោកសៅ ចំពោះប្រជាជនអ៊ុយក្រែនដែលបាត់បង់ជីវិត និងកំពុងរងគ្រោះដោយសារសង្គ្រាម។

លោកបន្តថា ការបណ្តុះបណ្តាលរយៈពេលមួយសប្តាហ៍ នៃវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ប្រព្រឹត្តទៅដោយរលូន ដំណើរការទៅតាមការគ្រោងទុក និងបានបញ្ចប់ដោយជោគជ័យ។

លោក ហេង រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ជាពិសេសការគ្រប់គ្រងរបស់ JICA ទាំងនៅទីក្រុងភ្នំពេញ និងទីក្រុងតូក្យូ សម្រាប់ការគាំទ្រយ៉ាងសកម្ម ក្នុងការបង្កើតវគ្គបណ្តុះបណ្តាលនេះ។

លោកបន្តថា «វគ្គបណ្តុះបណ្តាលបច្ចេកទេសខ្លីនេះ គ្រាន់តែជាដុំទឹកកកតូចមួយប៉ុណ្ណោះ ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជា ទាំងផលប៉ះពាល់ដោយសង្រ្គាមមកលើបុគ្គល គ្រួសារ សហគមន៍ និងសង្គម ព្រមទាំងចែករំលែកជោគជ័យសំខាន់ៗ ក្នុងការដោះស្រាយមីន និងសំណល់ ហើយមិត្តភក្តិ និងសហការីរបស់ជប៉ុន និងអ៊ុយក្រែន មេត្តាយកចិត្តទុកដាក់លើការរួមបញ្ចូលឧបករណ៍បច្ចេកវិទ្យាដោះមីន ALIS ដែលត្រូវបានបណ្តុះបណ្តាលរួចហើយ ដោយរួមបញ្ចូលជាមួយម៉ាស៊ីនដោះមីន ដើម្បីធានាសុវត្ថិភាពរបស់អ្នកជំនាញការដោះមីនរបស់យើង និងប្រសិទ្ធភាពចំណាយលើការដោះមីន»។

លោក ហេង រតនា ក៏សង្ឃឹមថាអ្នកជំនាញទាំងអស់ មកពីប្រទេសអ៊ុយក្រែន នឹងប្រើប្រាស់ឧបករណ៍ដោះមីនដែលសមស្របស្ថានភាពជាក់ស្តែង សុវត្ថិភាព ដើម្បីអនុវត្តនៅក្នុងប្រទេសអ៊ុយក្រែន។

សូមជម្រាបថា រយៈពេលពេញ១សប្តាហ៍នេះ សិក្ខាកាមរបស់អ៊ុយក្រែន ទទួលបានការហ្វឹកហ្វឺនប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍លើទីលានចំការមីនជាក់ស្តែង ក្រោមការសហការរវាងគ្រូជំនាញបច្ចេកទេស របស់អង្គភាពស៊ីម៉ាក់ រួមជាមួយនឹងការបង្ហាញបន្ថែម លើឧបករណ៍បច្ចេកវិទ្យាម៉ាស៊ីនរាវមីន។

ក្នុងវគ្គហ្វឹកហ្វឺននេះដែរ សិក្ខាកាមរបស់អ៊ុយក្រែន បានចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងបានសិក្សាស្វែងយល់បន្ថែមទៀត ពីកម្លាំងជំនាញរបស់អង្គភាព CMAC ដែលកំពុងបំពេញប្រតិបត្តិការនៅចំការមីន ដែលអាចឆ្លើយតបទៅនឹងស្ថានភាព នៅប្រទេសអ៊ុយក្រែនផងដែរ ដូចជាកម្លាំងជំនាញបោសសម្អាតមីនដោយគ្រឿងចក្រ និងកម្លាំងជំនាញបោសសម្អាតមីន ដោយការបញ្ជាសុនខ៕

0 Reviews:

Post a Comment