ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្រោមវត្តមានចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក មន្ត្រី ជំនាញរដ្ឋបាលសាលាខេត្ត និងមេឃុំ-មេភូមិ ជាច្រើនរូបទៀត ។
ឯកឧត្តម គីម រិទ្ធី អភិបាល ខេត្ត បានស្នើដល់សមាជិកគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋទាំងអស់ ត្រូវចូលរួមពិភាក្សា និងចូលរួមជាគំនិតយោបល់ល្អៗ និងសំណូមពររបស់សមាជិកក្នុងអង្គប្រជុំ ដើម្បីជាធាតុចូលក្នុងការពិភាក្សារក ដំណោះស្រាយពី បញ្ហាប្រឈមនានា ដែលកើតមានឡើងនាពេលកន្លងមក ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។
កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការចូលរួមពិភាក្សាទៅលើរបាយការណ៍មួយចំនួនដូចជា ការចុះពិនិត្យទីតាំងសម្រាប់គម្រោង បែងចែកដីដើម្បី សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ស្ថិតនៅភូមិស្វាយ និងភូមិរំដោះស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត និងពិភាក្សាទៅលើ ករណីប្រជាពលរដ្ឋសុំកាត់ឆ្វៀលដី ស្ថិតនៅក្នុងតំបន់កូនភ្នំ ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុង ព្រះវិហារ និងបែងចែកដីចំនួន ៨៦ហិកតា ស្ថិតនៅក្នុងតំបន់កូនភ្នំ ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ព្រមទាំងពិភាក្សារបាយការណ៍ស្តីពី ការបែងចែកដីព្រលានយន្តហោះ ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត ក្នុងនាមប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានស្នើឱ្យអាជ្ញាធរក្រុង-ស្រុកត្រូវគ្រប់គ្រង និងការពារដីរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសមន្ទីរជំនាញត្រូវសហការជាមួយអាជ្ញាធរក្រុង-ស្រុក និងអ្នកពាក់ព័ន្ធបន្ថែមទៀត ។ ជាមួយនេះ ត្រូវពន្លឿនការដោះស្រាយបញ្ហាទំនាស់ដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ប្រកបដោយតម្លាភាព ដោយឈរលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋាននានា ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន ៕
0 Reviews:
Post a Comment