ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានក្រើនរម្លឹកដល់ នាយទាហាន ដែលទើបបានទទួលការដំឡើងឋានន្ដរស័កិ្ដថ្មី ត្រូវយកចិត្តទុកដាក់បំពេញការងារ ឱ្យបានល្អជាបន្ដទៀត និងតាមបណ្ដាអង្គភាព ដែលមានមូលដ្ឋាននៅតំបន់ព្រំដែន កម្ពុជា-ថៃ និង កម្ពុជា-ឡាវ ត្រូវយកចិត្តទុកដាក់បង្កើនក្នុងកិច្ចការពារបូរណភាពទឹកដី និងការងារទំនាក់ទំនងឱ្យបានល្អ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេស បទល្មើស
គ្រឿងញៀន ឱ្យបានម៉ឺងម៉ាត់បំផុត ។ ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានជំរុញដល់បណ្តាគ្រប់អង្គភាពចំណុះទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ហ្វឹកហ្វឺនតាមបណ្តាកងឯកភាព នូវយុទ្ធវិធីជំនាញជាក់ស្តែង ការងារអប់រំចិត្តសាស្ត្រ អប់រំសតិអារម្មណ៍ ការងារបំផុសចលនាប្រឡងប្រណាំង នៅតាមបណ្តាអង្គភាព ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងហាមដាច់ខាតមិនឱ្យមានការប្រើប្រាស់គ្រឿងញៀន នៅក្នុងអង្គភាពនោះឡើយ ។ ការក្រើនរម្លឹករបស់ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារយោធា ប្រចាំខែសីហា និងដាក់ចេញទិសដៅការងារយោធា ប្រចាំខែកញ្ញា ឆ្នាំ ២០២២ និងបំពាក់ឋានន្ដរស័កិ្ដ ជូនដល់នាយទាហាន
ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។ នៅក្នុងកិច្ចប្រជុំនោះផងដែរ ក៏មានការបំពាក់ឋានន្តរស័ក្តិ ជូនដល់នាយទាហានជាច្រើនរូប ដែលមានស្នាដៃក្នុងកិច្ចការពារបូរណភាពទឹកដី និងការចូលរួមក្នុងវិស័យសង្គមធម៌ មនុស្សធម៌ និងវិស័យនានាជាច្រើនទៀត នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ ពិធីនេះក៏មានការចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ មេបញ្ជាការវរសេនាតូចទាំង២ កងអនុសេនាធំ មេបញ្ជាការក្រុង-ស្រុក នាយការិយាល័យ នាយផ្នែក និងអង្គភាពចំណុះ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារផងដែរ ៕
0 Reviews:
Post a Comment