គម្រោងសាងសង់ស្ពានមួយ ទៀតនៅម្ដុំព្រែកប្រា ដើម្បីពង្វាងចរាចរណ៍ពីស្ពានព្រះមុនីវង្សទាំង២ និងស្ពានតាខ្មៅ ។ សម្តេចតេជោ បានបន្តថា គម្រោងសាងសង់ស្ពានមួយ ទៀតនៅម្ដុំព្រែកប្រានេះ មានប្រវែង ៨៤៥ម៉ែត្រ និងត្រូវធ្វើជា ៤គន្លង ២គន្លងទៅ និង ២គន្លងមក។ បន្ថែមពីនោះទៀត គម្រោងសាងសង់ស្ពានម្ដុំព្រែកប្រានេះ មានតម្លៃប្រហែល ៦០លានដុល្លារអាមេរិក។ សម្ដេចតេជោ បានបញ្ជាក់ថា ប្រសិនបើមិត្តចិន យល់ព្រមជាមួយនឹងគម្រោងនេះ ការដ្ឋាននេះអាចនឹងបើកដំណើរការនៅឆ្នាំ២០២៣។ « យើងនឹងកសាងស្ពានមួយទៀតនៅម្តុំ ព្រែកប្រា ហើយដោយស្ពាននេះមានប្រវែង៨៤៥ម៉ែត្រ ត្រូវធ្វើជា៤ គន្លង២ទៅ២មក ឱ្យវាធំកុំឱ្យស្ទះចរាចរណ៍លើស្ពាន ហើយតម្លៃវាប្រហាក់ប្រហែលជា ៦០លានដុល្លារ កំពុងតែចរចាគ្នាលើតម្លៃ ។
ប្រសិនបើយើងចាត់ទុកថា ជាអាទិភាពរបស់យើង ប្រសិនបើមិត្តចិនយល់ ព្រមជាមួយនឹងគម្រោងនេះ ការដ្ឋាននេះអាចនឹងបើកនៅឆ្នាំក្រោយ។ អ៊ីចឹងវាចាប់ពីផ្តើមពីអីមុននេះ គឺយើងឆ្លងទូកដវាចេះតែបានហើយ យើងដាក់ស្ពានមួយហើយ ក៏នៅតែស្ទះ ថែមស្ពានតាខ្មៅមួយទៀតក៏នៅតែស្ទះ ឥឡូវដាក់ព្រែកប្រាមួយទៀតដាក់អាធំតែម្តង ២ទៅ២មក ដើម្បីធានាថា ការឆ្លងកាត់ភ្នំពេញរហូតទៅដល់ខេត្តកណ្តាលវាមិនមានការរាំងស្ទះ » ។
សូមបញ្ជាក់ថា មកដល់ពេល នេះ កម្ពុជាមានស្ពានធំៗឆ្លង កាត់ទន្លេ សមុទ្រ ប្រមាណ ១៤ កន្លែងដែលបានស្ថាបនារួច និងដាក់ឱ្យប្រើប្រាស់ រួមមាន ស្ពានព្រះមុនីវង្ស, ស្ពានជ្រោយចង្វាទី២, ស្ពានជ្រោយចង្វាទី១, ស្ពានគីហ្សូណា, ស្ពានកោះកុង, ស្ពានព្រះមុនីវង្សថ្មី, ស្ពានព្រែកព្នៅ, ស្ពានព្រែកក្ដាម, ស្ពានព្រែកតាមាក់, ស្ពានតាខ្មៅ,ស្ពានព្រែកសំរោង, ស្ពានមេគង្គ, ស្ពានអ្នកលឿង, ស្ពានកោះធំ និងស្ពានជ្រៃធំ ៕
0 Reviews:
Post a Comment