ភ្នំពេញ: ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យធនាគារ ABA បន្តផ្ដល់ការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធបន្ថែមទៀត ជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ក្នុងការចូលរួមគាំទ្រ សហការរៀបចំអភិវឌ្ឍ និងប្រើប្រាស់ថ្នាលគ្រឹះឌីជីថលកម្ពុជា រួមមាន ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX), ថ្នាល CamDigiKey និង ថ្នាល CamDigiPay។ សំណើនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យទទួលជួប និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅ
កាត់ថាធនាគារ ABA ដឹកនាំដោយលោក Yves Jacquot ប្រធានក្រុមប្រឹក្សាភិបាល របស់ធនាគារ ABA កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២២នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” សេនាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិងធនាគារ ABA នាពេលកន្លងមក ដែលបានឆ្លុះបញ្ចាំងតាមរយៈអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ និង ក្នុងកម្មវិធីផ្សេងៗទៀត ក្នុងក្របខ័ណ្ឌធុរកិច្ចថ្មីបច្ចេកវិទ្យា, បច្ចេកវិទ្យាហិរញ្ញវត្ថុ និងថ្នាលគ្រឹះឌីជីថល។ ឆ្លើយតបនឹងសំណើខាងលើ
លោក Yves Jacquot បានថ្លែងអំណរគុណដល់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលបានផ្ដល់ការអនុញ្ញាតដល់គណៈប្រតិភូធនាគារ ABA ចូលសម្ដែងការគួរសម ។ លោកបានបន្ថែមថា ធនាគារ ABA កន្លងមកធ្លាប់បានធ្វើការជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” រួចមកហើយ និងនៅតែបន្តធ្វើការជាមួយគ្នាបន្តទៀត តបតាមការស្នើសុំរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដែលក្នុងនោះរួមមានទាំងការគាំទ្រជាថវិកា មិនមែនថវិកា និងធនធានមនុស្ស (Mentors) ផ្ដួចផ្ដើម
បង្កើតកម្មវិធីថ្មីសម្រាប់គាំទ្រដល់ធុរកិច្ចថ្មីបច្ចេកវិទ្យា, ផ្ដល់នូវបរិស្ថានសាកល្បង PayWay សម្រាប់ធុរកិច្ចថ្មីធ្វើតេស្ដសាកល្បង និងអភិវឌ្ឍផលិតផល ឬ សេវាកម្មរបស់ខ្លួន, ចូលរួមប្រើប្រាស់ថ្នាលគ្រឹះឌីជីថលផ្សេងៗរបស់រាជរដ្ឋាភិបាលដែលគាំទ្រដល់វិស័យហិរញ្ញវត្ថុធនាគារ និង អភិវឌ្ឍថ្នាលគ្រឹះឌីជីថលរួមគ្នា៕ ដោយ៖ គង់ សិរីរ័ត្ន សម្រួលផ្សាយដោយ៖ dara
0 Reviews:
Post a Comment