ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, August 23, 2022

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបង្អួតស្ពានអាកាស២ទីតាំងថ្មីទៀត ដើម្បីសម្រួលការកកស្ទះចរាចរជូនពលរដ្ឋ នាពេលឆាប់ៗខាងមុខនេះ

អ្នកទស្សនា: Views



ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២

ស្ពានអាកាស២ទីតាំងថ្មីទៀត នឹងបង្អួតរាងនៅក្នុងរាជធានីភ្នំពេញ នាពេលឆាប់ៗនេះ ដើម្បីសម្រួលការកកស្ទះចរាចរ ពោលគឺនៅថ្ងៃទី៣១ សីហា ឆ្នាំ២០២២ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនាស្ពានអាកាស ២ទីតាំងថ្មីនេះ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បើតាមកម្មវិធីដែលបានព្រៀងទុក នៅរសៀល៣០ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនឹងអញ្ជើញក្នុងពិធីក្រុងពលី បញ្ចុះបឋមសិលាសាងសង់ស្ពានអាកាសទាំង២ទីតាំងនេះ នៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយនៅព្រឹកថ្ងៃទី៣១ ខែសីហា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនាស្ពានអាកាស ២ទីតាំងថ្មីនេះតែម្តង ។

គម្រោងនៃការសាងសង់ស្ពានអាកាសទាំង២ ព្រមៗជាមួយគ្នានេះធ្វើឡើងដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយរដ្ឋបាលរាជធានីភ្នំពេញ សាងសង់ស្ពានអាកាសថ្មីចំនួន ២ទីតាំង គឺ ទី១-សាងសង់ស្ពានអាកាសនៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថីព្រះមុនី្នវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)។ ទី២- សាងសង់ស្ពានអាកាសនៅទីតាំងស្តុបស៊ិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថីសហព័ន្ឋរុស៊្សី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១ ។

បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៨កន្លែង គឺ ស្ពានអាកាសក្បាលថ្នល់ ,ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៧មករា, ស្ពានអាកាស៥មករា, ស្ពានអាកាសស្តុបផ្សារដីហុយ, ស្ពានអាកាសចោមចៅ, ស្ពានអាកាសផ្លូវជាតិលេខ៥គីឡូម៉ែត្រលេខ៦ ដែល កំពុងមមាញឹកក្នុងការសាងសង់ ហើយនៅពេលស្ពានអាកាស២នេះរួចរាល់ រាជធានីភ្នំពេញនឹងមានស្ពានអាកាសចំនួន១០ ដើម្បីសម្រួលការកកស្ទះចរាចរជូនប្រជាពលរដ្ឋ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖ dara

0 Reviews:

Post a Comment