ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, August 25, 2022

អាជ្ញាធរនិងប្រជាពលរដ្ឋមកពីសង្កាត់ចំនួន៤ក្នុងក្រុងសៀមរាប ពិភាក្សាជាសាធារណ:ស្តីពីគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ

អ្នកទស្សនា: Views

ភ្នំពេញ ៖ អាជ្ញាធរ និងប្រជាពលរដ្ឋប្រមាណជាង ១០០ នាក់ មកពីសង្កាត់ចំនួន ៤ ក្នុងក្រុងសៀមរាប បានចូលរួមកិច្ចពិភាក្សាជាសាធារណ:ស្តីពីការសាងសង់បណ្តាញលូខ្នែង ខ្នែងរង និងតំណភ្ជាប់តាមផ្ទះ នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP)។ លោក ចៅ សុភៈភិបាល អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងជានាយកគម្រោងលើកកម្ពស់ការផ្គត់ផ្គង់
ទឹកស្អាត និងអនាម័យ (WaSSIP) បានដឹក នាំកិច្ចពិភាក្សាជាសាធារណ:ស្តីពីការងារ សាងសង់បណ្តាញលូខ្នែង ខ្នែងរង និងតំណភ្ជាប់តាមផ្ទះ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋប្រមាណជាង ១០០ នាក់ មកពីសង្កាត់ចំនួន ៤ គឺសង្កាត់ស្លក្រាម សង្កាត់គោកចក សង្កាត់សាលាកំរើក និងសង្កាត់ស្វាយដង្គំ និងមន្ត្រីជំនាញគ្រប់ផ្នែកពាក់ព័ន្ធចូលរួមផងដែរ កាលពីពេលថ្មីៗនេះ ។ 

លោកអគ្គនាយករង បានបញ្ជាក់ពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន លើសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ និងការខិតខំអភិវឌ្ឍន៍ជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បណ្តាញលូ ក្នុងក្រុងសៀមរាបនេះ តួយ៉ាងមានគម្រោងផ្លូវ៣៨ខ្សែ ការតភ្ជាប់បណ្តាញលូទឹកកខ្វក់ក្នុងគម្រោងផ្លូវ៣៨ខ្សែ ជូនពលរដ្ឋដោយឥតគិតថ្លៃ និងជាក់ស្តែងគម្រោងការសាងសង់បណ្តាញលូខ្នែង ខ្នែងរង និងតំណភ្ជាប់តាមផ្ទះ ក្រោមហិរញ្ញប្បទានរបស់ធនាគារ

ពិភពលោក (World Bank) ដែលនឹងគ្រោងដំណើរការសាងសង់ក្នុងខែកញ្ញាខាងមុខនេះ។ លោកអគ្គនាយករង បានថ្លែងអំណរគុណដល់អាជ្ញាធរ ប្រជាពលរដ្ឋមកពីសង្កាត់ទាំង ៤ ក្នុងក្រុងសៀមរាប ដែល បានលើកឡើងជាមតិយោបល់ និងបានចូលរួមសហការជាមួយក្រសួង ជាមួយនោះក៏មានការប្តេជ្ញាចិត្តរបស់ក្រុម ហ៊ុនសាងសង់ ដែលនឹងសន្យាគោរពអនុវត្តតាមកិច្ចសន្យាសាងសង់គម្រោង ដើម្បីសម្រេចឱ្យបានទៅតាមផែនការ ។ 

សូមបញ្ជាក់ថា កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយចែករំលែកនូវព័ត៌មានលម្អិត ដោយបង្ហាញពីអត្ថប្រយោជន៍សារៈសំខាន់ និងបញ្ជាក់ពីបញ្ហាផលរំខានបណ្តោះអាសន្នអំឡុងពេលសាងសង់នៃគម្រោង ដូចជា ការធ្វើចរាចរណ៍របស់គ្រឿងចក្រ ការហុយធូលីតិចតួច សំឡេងរំខានជាដើមនិងស្តាប់ ការផ្តល់យោបល់ពីអាជ្ញាធរ ចំណាប់អារម្មណ៍ប្រជាពលរដ្ឋមូលដ្ឋាន ពាក់ព័ន្ធគម្រោងសាងសង់បណ្តាញលូខ្នែង ខ្នែងរង និងតំណភ្ជាប់តាមផ្ទះ ក្នុងក្រុងសៀមរាបនេះ ៕

0 Reviews:

Post a Comment