ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Saturday, June 25, 2022

អភិបាលខេត្តកំពង់ធំ ដាក់កំហិតដល់រដ្ឋបាលព្រៃឈើ ត្រូវរៀបចំកម្លាំងចុះល្បាតឲ្យបានតឹងរឹងបំផុត ដើម្បីការពារព្រៃអង់តែន

អ្នកទស្សនា: Views


(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាខេត្តកំពង់ធំ បានដាក់កំហិតដល់រដ្ឋបាលព្រៃឈើខេត្ត ត្រូវរៀបចំកម្លាំងចុះល្បាតឲ្យបានតឹងរឹងបំផុតដើម្បីការពារព្រៃអង់តែន ដែលត្រូវបានផ្ទេរពីក្រសួងបរិស្ថានមកឲ្យក្រសួងកសិកម្មគ្រប់គ្រងវិញ។


លោក ងួន រតនៈ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះត្រួតពិនិត្យស្ថានភាពព្រៃអង់តែន ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំបឹងល្វា និងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ២៤ ខែមិថុនា ឆ្នាំ២០២២។


ក្រោយការចុះពិនិត្យជាក់ស្តែងឃើញថា មានជនទុច្ចរិតបានកាប់ព្រៃទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ហើយលោកបានជំរុញដល់មន្ត្រីជំនាញត្រូវធ្វើដីការដកហូតដីដែលបានកាប់ទន្ទ្រាន និងកំណត់មុខសញ្ញាលើជនដែលបានកាប់ទន្ទ្រានដីព្រៃ ដើម្បីយកមកផ្ដន្ទាទោសទៅតាមនីតិវិធីផ្លូវច្បាប់។


លោកបានណែនាំត្រូវនាំគ្នាថែរក្សាសម្បត្តិនេះ ឲ្យបានគង់វង្សកុំនាំគ្នាទុកឲ្យដំបៅរីកត្រូវនាំគ្នាព្យបាល ចំពោះស្នាក់ការកុំទាន់អាលរុះរើ ត្រូវរៀបចំឯកសារឲ្យបានច្បាស់លាស់ និងទុកឲ្យកម្លាំងរដ្ឋបាលព្រៃឈើធ្វើការសិន ហើយមន្ទីរនីមួយៗត្រូវរៀបចំឯកសារដោយមាននិយាមការមួយច្បាស់លាស់ មុនធ្វើការប្រគល់ទទួលកុំឲ្យជះទឹកដាក់គ្នា ព្រោះយើងឃើញហើយការប្រគល់មិនទាន់បានមួយខែផងមានការប្រែប្រួលច្រើន នៅពេលប្រគល់ទទួលហើយ ក្រុមការងាររដ្ឋបាលព្រៃឈើត្រូវរៀបចំកម្លាំងចុះល្បាតឲ្យបានតឹងរឹងបំផុត ប្រសិនបើមានការប្រែប្រួលរដ្ឋបាលព្រៃឈើត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។


លោកបានបន្ថែមចំពោះសមត្ថកិច្ច ត្រូវស្វែងរកអ្នករកស៊ីបទល្មើសទាំងនេះ ហើយឲ្យត្រូវដកខ្លួនចេញជាបន្ទាន់។ លោកនឹងតាមដានរឿងនេះជាប្រចាំ បើសិនរកឃើញមានការជាប់ពាក់ព័ន្ធណាមួយ នឹងត្រូវទទួលទោសតាមច្បាប់៕


















0 Reviews:

Post a Comment