ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, June 28, 2022

អ្នកទស្សនា: Views

 

ឯកឧត្តម ថោង ខុន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និ បាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ឆ្នាំ២០២២


ព្រះសីហនុ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២--

រសៀលថ្ងៃ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃច័ន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២ ក្រោមអធិតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស ចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង តាមប្រព័ន្ធ Video Zoom។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើត តែងតាំងសមាសភាពអនុគណៈកម្មការ និងលេខាធិកាដ្ឋាន នៃគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និ បាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត លើសកលលោក ឆ្នាំ២០២២នៅខេត្តព្រះសីហនុ និងខេត្តកោះកុង ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ការរៀបចំពិធីបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងបិទនៅខេត្តកោះកុង។

ឯកឧត្តម ថោង ខុន មានប្រសាសន៍បន្តថា កម្ពុជាបានរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកម្តងរួចហើយនៅបូកគោ ខេត្តកំពត កាលពីឆ្នាំ២០១៣ មានសមាជិកឆ្នេរចូលរួម៣០ក្លឹប ស្មើនឹង ២៥ប្រទេស មកដល់ពេលនេះសមាជិកឆ្នេរសមុទ្រស្អាតមានការកើនឡើង ។ ទន្ទឹមនឹងការរៀបចំពិធីបុណ្យសមុទ្រ ក៏មានសកម្មភាពកីឡាលើទឹក មានដូចជា (ទូកក្តោង) កីឡាលើឆ្នេរខ្សាច់ (បាល់ទះ និងបាល់ទាត់) ហើយក៏មានទស្សនីយភាពសិល្បៈ ក្នុងនោះក៏មានរៀបចំតាំងពិព័រណ៍មានដូចជា ពិព័រណ៍ម្ហូបអាហារ និងពិព័រណ៍ផលិតផលក្នុងស្រុកជាដើម។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្តទៀតថា ក្រោយចប់កូវីដ-១៩ យើងមានគោលដៅទេសចរណ៍ចំនួន៣ គឺ ទី១-បង្កើនភាពជឿជាក់, ទី២-សម្រួលការធ្វើដំណើរ, ទី៣-តម្លៃសមស្រប ព្រមទាំងបានអំពាវនាវដល់វិស័យឯកជន ត្រូវគិតគូរបញ្ចុះកញ្ចប់ទស្សនកិច្ច ព្រោះកញ្ចប់ទស្សកិច្ចនេះ វាមានសារៈសំខាន់ណាស់ ក្នុងការស្រូបយកភ្ញៀវទេសចរក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរបរទេស មកលេងកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំដល់អនុកម្មការនីមួយៗ ត្រូវផ្សព្វផ្សាយ និងពិនិត្យសមាសភាពក្រុមការងាររបស់ខ្លួន ប្រសិនបើនៅខ្វះចន្លោះ សូមផ្តល់យោបល់ដើម្បីស្នើសុំបំពេញបន្ថែម ហើយអនុគណៈកម្មការនីមួយៗមានភារកិច្ចដឹកនាំកិច្ចប្រជុំដាច់ដោយឡែកពីគ្នា។ ម្យ៉ាងទៀតការងារសន្តិសុខត្រូវរៀបចំតាមស្ថានភាពជាក់ស្តែង សម្រាប់ខេត្តរបស់យើង ធ្វើផែនការដាច់ដោយឡែក ដើម្បីយកមកច្របាច់ចូលគ្នា ហើយទៅតាមទីតាំភូមិសាស្ត្រ ត្រូវយកចិត្តទុកដាក់លើគោលដៅខ្ពស់។

ឯកឧត្តម អភិបាលខេត្តបន្តថា បុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតនៅខេត្តព្រះសីហនុ យើងត្រូវធ្វើខ្លោងទ្វារចំនួនពីរ និងត្រូវឌីហ្សាញឱ្យមានរចនាបទកាន់ តែរស់រវើក មានសោភណភាពទាក់ទាញ។ រៀបចំបំពាក់ភ្លើងនៅទីលានតេជោ សួនច្បារកូនសោរ និងរូបសំណាកបដិមាករ ដើម្បីលើកកម្ពស់សោភណភាពទីក្រុងរបស់យើង និងបង្ហាញពីសមិទ្ធផលដែលកើតមាននៅលើទឹកដី នៃក្រុងព្រះសីហនុ។ យើងប្រមូលផ្តុំរួមគ្នារៀបចំបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត នៅលើទឹកដីខេត្តព្រះសីហនុ ៕ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ dara

0 Reviews:

Post a Comment