ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម Muhammad Lutfi ក៏ដូចជារដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលតែងតែគាំទ្រកម្ពុជាក្នុងពេលកន្លងមក និងជាពិសេសនៅពេលកម្ពុជា ធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ នេះ។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មទាំងក្នុងតំបន់ និងសកល ព្រមទាំងបានពិភាក្សាលើប្រធានបទមួយចំនួនដែលត្រូវយកចិត្តទុកដាក់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានខាងមុខ ដែលកិច្ចប្រជុំទាំងនោះផ្តោតសំខាន់លើមជ្ឈភាពអាស៊ាន ការធ្វើឱ្យស៊ីជម្រៅខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ការប្រែប្រួលនៃភូមិសាស្រ្តនយោបាយ និងផលប៉ះពាល់ដល់សេដ្ឋកិច្ចតំបន់-សកល ព្រមទាំងសេដ្ឋកិច្ចបៃតង ជាដើម។
ជាមួយគ្នានេះ ឯកឧត្តម Muhammad Lutfi ក៏បានអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេស G20 ដែលប្រទេសឥណ្ឌូនេស៊ី ជាប្រធាន រួមមាន កិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម-វិនិយោគនិងឧស្សាហកម្ម និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ដែលគ្រោងនឹងប្រព្រឹត្តទៅខែកញ្ញាខាងមុខនៅប្រទេសឥណ្ឌូនេស៊ីផងដែរ។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់អាស៊ានទាំងមូលផងដែរ៕
សម្រួលផ្សាយ៖ dara
0 Reviews:
Post a Comment