ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Friday, May 27, 2022

ប្រធានសហព័ន្ធបាល់ទះ សាទរក្រុមបាល់ទះឈ្នះមេដាយសំរិទ្ធិ ស៊ីហ្គេម ខណៈក្រុមបាល់ទះនារី នឹងត្រូវបង្កើតឡើងត្រៀមស៊ីហ្គេម ២០២៣

អ្នកទស្សនា: Views



(ភ្នំពេញ):ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញផ្តល់ការលើកទឹកចិត្តជូនដល់ក្រុមបាល់ទះជម្រើស ជាតិកម្ពុជានៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីដណ្តើម បានមេដាយសំរិទ្ធិជាប្រវត្តិសាស្ត្រពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា សម្តែងនូវក្តីរីករាយជាខ្លាំងដែលក្រុមបាល់ទះ កម្ពុជាដណ្តើមបានមេដាយជាប្រវត្តិដំបូងជូនជាតិនាពេលនេះ។ ឯកឧត្តមចាត់ទុកថា ក្នុងនាមប្រធាន សហព័ន្ធផង ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងក្នុងនាមប្រជាពលរដ្ឋខ្មែរសូម កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ក្រុមបាល់ទះកម្ពុជា ដែលដណ្តើមបានកិត្តិយសដ៏ធំធេងជូនជាតិ ក្នុងស៊ីហ្គេម ឆ្នាំ២០២២នេះ។ ឯកឧត្តមនាយឧត្តម សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ចាត់ទុកថា នេះគឺជាជោគជ័យដ៏ធំមួយ និងជាជំហានទី១ ក្នុង ប្រវត្តិសាស្ត្រចូលរួមប្រកួតកីឡាស៊ីហ្គេម នាពេលកន្លងមក។

ជាមួយគ្នានោះ ឯកឧត្តមក៏បានជំរុញឱ្យក្រុមជំនាញបច្ចេកទេសសហព័ន្ធរៀបចំពង្រឹងក្រុម បាល់ទះបុរសឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺកំណត់ជាគោលការណ៍បង្កើតឱ្យមាន ក្រុមបាល់ទះជម្រើសជាតិនារីផងដែរ សម្រាប់ត្រៀមលក្ខណៈរៀបចំទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

ឯកឧត្តមសង្កត់ធ្ងន់ថា ក្រុមបាល់ទះជម្រើសជាតិ នារីត្រូវរៀបចំបង្កើតឱ្យបានភ្លាមៗ និងទាន់ ពេលវេលា ដើម្បីត្រៀមប្រកួត ស៊ីហ្គេម ២០២៣ ដោយថ្នាក់ដឹកនាំសហព័ន្ធនឹងផ្តល់ការគាំទ្រគ្រប់បែប យ៉ាងទាំងអស់ ដើម្បីរួមគ្នារៀបចំឱ្យបានក្រុមបាល់ទះនារី ខណៈទីលានក៏ត្រូវបានជំរុញឱ្យ រៀបចំភ្លាមៗដូចគ្នាផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានប្តេជ្ញាចិត្តរួមគ្នា ទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ និងមន្ត្រី បច្ចេកទេស ដើម្បីបន្តការកសាងវិស័យកីឡាបាល់ទះកម្ពុជាឱ្យកាន់តែរីកចម្រើន ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ប្រកបដោយក្តីសង្ឃឹម និងជឿជាក់ផងដែរ។

គួររម្លឹកថា ក្រុមបាល់ទះកម្ពុជា ដែលដណ្តើមបានមេដាយសំរិទ្ធិ ក្នុងស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅក្រុងហាណូយ ប្រទេសវៀតណាមនេះ គឺក្រោយពីបានយកឈ្នះក្រុមជម្រើសជាតិ ដែលជាម្ចាស់មេ ដាយមាសស៊ីហ្គេម៨ជំនាន់ នៅក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ក្នុងលទ្ធផល ៣សិត ទល់២សិត៕ ដោយ ហេង ណាលីន សម្រួលផ្សាយដោយ៖ dara

0 Reviews:

Post a Comment