ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, May 10, 2022

សម្ដេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះគឺជាថ្ងៃទីបីហើយ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើង គឺពុំមានករណីឆ្លងកូវីដ១៩

អ្នកទស្សនា: Views



 ភ្នំពេញ ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះគឺជាថ្ងៃទីបីហើយ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើង គឺពុំមានករណីឆ្លងកូវីដ១៩ ដែលនេះគឺជាជោគជ័យបានមកពីការខិតខំរួមរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលបានចូលរួមសហការ ក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ។

 ក្នុងសារជាសំឡេងនាព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២ ផ្ញើរជូនជនរួមជាតិ មុននឹងចាកចេញពីកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ដែលជាការតបតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនោះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បីថ្ងៃកន្លងផុតទៅគឺទូទាំងប្រទេសពុំមានការឆ្លងណាមួយសម្រាប់កូវីដ១៩នោះទេ ដែលសម្ដេចពិតជាអរព្រះគុណ ថ្វាយចំពោះព្រះមហាក្សត្រ សម្ដេចម៉ែ ក៏ដូចជា ថ្វាយ និង

ប្រគេនចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ដែលបានចូលរួមទៅក្នុងការប្រយុទ្ធនឹងជំងឺនេះ រាប់ទាំងការចូលរួមថវិកា ការចូលរួមទទួលយកនូវវិធានការសុខាភិបាល និងការចូលរួមដើម្បីទទួលយកនូវវ៉ាក់សាំង ហើយដែលវ៉ាក់សាំងនេះគឺជាគន្លឹះ សម្រាប់ការទទួលជោគជ័យរបស់យើង។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា បើពុំមានការចាក់វ៉ាក់សាំងទេ ប្រជាពលរដ្ឋរបស់យើងច្បាស់ជាទទួលនូវមហន្តរាយ ដែលវាកើតឡើងសម្រាប់ប្រជាពលរដ្ឋ ដូចដែលឆ្នាំទៅពេលនេះ ម៉ោងនេះ យើងកំពុងឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ និងមានការស្លាប់ជារៀងរាល់ថ្ងៃ រហូតត្រឹមតែប៉ុន្មានខែសោះ បានឆក់យកជីវិតប្រជាជនរបស់យើងជាង ៣ ០០០នាក់ ដែលជាការគួរឱ្យសោកស្ដាយ។

 ប៉ុន្តែតាមរយៈនៃការខិតខំរបស់ជនរួមជាតិរបស់យើង គឺប្រទេសជាតិត្រូវបានគេចផុតពីសង្គ្រាមកូវីដ១៩ ពីជំងឺដ៏កាចសាហាវនេះ គឺក្នុងរយៈបីថ្ងៃនេះយើងពុំមានករណីឆ្លង ឬស្លាប់នោះទេ។ អ្នកជំងឺទូទាំងប្រទេសនៅសល់ប្រមាណជាង២០នាក់តែប៉ុណ្ណោះ នៅក្នុងមន្ទីរពេទ្យ អ្នកឆ្លងថ្មីគឺពុំមានឆ្លងនោះឡើយ នេះហើយគឺជាជោគជ័យធំ។

 តែយ៉ាងណាក៏ដោយ ក៏សម្ដេចតេជោ នៅតែបន្តអំពាវនាវឱ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ដោយមិនត្រូវនាំមកវិញនូវជំងឺដ៏កាចសាហាវនេះ ហើយដែលឆ្លងដោយខ្វះការប្រុងប្រយ័ត្ន។ សម្ដេចតេជោសង្ឃឹមថា ប្រជាពលរដ្ឋ នឹងបន្តទទួលយកនូវវិធានការសុខាភិបាលដែលបានដាក់ចេញ ជាមួយនឹងការសប្បាយរីករាយនូវក្នុងការបើកសេដ្ឋកិច្ច-សង្គមឡើងវិញសឹងតែពេញលេញ រៀនរស់នៅជាមួយកូវីដ១៩។ 

 សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងបន្ថែមដូចដែលសម្ដេចបានជម្រាបតាមសារដែលបង្ហោះចេញតាមបណ្ដាញសង្គមហ្វេសប៊ុកថា សម្ដេចដូចជាមិនទាន់អស់ចិត្តជាមួយនឹងការបំពេញកាតព្វកិច្ច ក្នុងឋានៈជាប្អូនប្រុស ជាឪពុកមា ជាប្អូនថ្លៃ ជាជីតា ក្នុងការធ្វើបុណ្យ៧ថ្ងៃ សម្រាប់បងប្រុសជាទីស្រឡាញ់របស់ខ្លួន។ 

ប៉ុន្តែភារកិច្ចរបស់ប្រទេសជាតិ តម្រូវឱ្យសម្ដេច ចាកចេញដើម្បីចូលរួមបំពេញការងារនេះឱ្យបានល្អ ក្នុងក្របខ័ណ្ឌជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២២ និងជាសមាជិកអាស៊ាន ដែលត្រូវធ្វើដោយខានមិនបាន ដើម្បីជាតិមាតុភូមិ ជាពិសេសគឺ ជាតិ សាសនា ព្រះមហាក្សត្ររបស់យើង។

 សម្ដេចតេជោគូសបញ្ជាក់ឱ្យដឹងទៀតថា ក្នុងអំឡុងពេលស្នាក់អាស្រ័យនៅឯសហរដ្ឋអាមេរិក សម្ដេចនឹងជួបជាមួយនឹងបងប្អូនជនរួមជាតិដែលរស់នៅទីនោះ ដោយផ្ដល់អាទិភាពសម្រាប់ជំនួបនៅល្ងាចថ្ងៃទី១០ និងទី១១ ខែឧសភា ឆ្នាំ២០២២។

បន្ទាប់មកសម្ដេចនឹងធ្វើកិច្ចការទៅតាមការរៀបចំរបស់ម្ចាស់ផ្ទះ គឺរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាមួយនឹងវត្តមានរបស់សម្ដេចក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមទៀតថា ក្រៅពីនោះក៏មានជំនួបផ្សេងៗទៀត ដែលរាប់ទាំងមិត្តភក្ដិបរទេស ដែលបានសន្យាគ្នាទៅជួបនៅឯទីក្រុងវ៉ាស៊ីន

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមទៀតថា ក្រៅពីនោះក៏មានជំនួបផ្សេងៗទៀត ដែលរាប់ទាំងមិត្តភក្ដិបរទេស ដែលបានសន្យាគ្នាទៅជួបនៅឯទីក្រុងវ៉ាស៊ីនតោន ហើយក៏មានការជួបជាមួយនឹងក្រុមមិត្តភក្ដិដែលជាជនជាតិរបស់អាម៉េរិក ដើម្បីធ្វើកិច្ចការងារមួយចំនួនផងដែរ៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ dara


0 Reviews:

Post a Comment