ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Saturday, April 30, 2022

លោក ថោង ខុន ចុះជួបសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារពិសេស ចុះប្រចាំការពង្រឹងការងារនៅភូមិគោកត្របែក ស្រុកតាំងគោក

អ្នកទស្សនា: Views
(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានចុះជួបសំណេះសំណាល និងប្រកាសផ្សព្វផ្សាយសមាសភាពក្រុមការងារពិសេសចំនួន ០៧រូប ដើម្បីចុះពង្រឹងការងារនៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ។

លើកឡើងនាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាជនអ្នកភូមិគោកត្របែក ដែលជាភូមិដាច់ស្រយាលពីគេមួយ នៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរ លោក ថោង ខុន បានលើកទឹកចិត្តដល់អាជ្ញាធរ និងមន្ត្រីជំនាញរួមគ្នាជំរុញប្រជាពលរដ្ឋឱ្យខិតប្រកបរបរដាំដុះលើដីដែលខ្លួនមាន និងដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងរួមគ្នាទប់ស្កាត់ឱ្យបានកុំឱ្យមានការប្រព្រឹត្តបទល្មើសកាប់ឆ្ការព្រៃលិចទឹក បទល្មើសនេសាទ ដូចជាការឆក់ត្រីជាដើម ដើម្បីបន្តនិរន្តរភាព បឹងទន្លេសាប និងអនាគតកូនចៅជំនាន់ក្រោយៗទៀត។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញណែនាំដល់អាជ្ញាធររដ្ឋបាលស្រុកតាំងគោក និងក្រុមការងារដែលទើបបានតែងតាំងថ្មី ត្រូវរួមគ្នាខិតខំធ្វើការបំរើប្រជាពលរដ្ឋ និងបំពេញឱ្យបានតាមសំណូមពររបស់ប្រជាពលរដ្ឋស្នើសុំផងដែរ។

លោករដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមឱ្យរួមគ្នាជំរុញដល់ប្រជាពលរដ្ឋ ត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីចូលរួមក្នុងការ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតនាពេលខាងមុខទៀត ហើយប្រសិនបើមិនទាន់មានឯកសារគ្រប់គ្រាន់ ក្នុងករណីបាត់ ឫខុសឈ្មោះ ត្រូវស្នើសុំការធ្វើប័ណ្ណ ឯ.អ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីបានទៅបោះឆ្នោតទាំងអស់គ្នា។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំបន្ថែម ខិតខំជំរុញប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ជាពិសេសចាក់ឱ្យបានគ្រប់ដូស តាមការណែនាំរបស់សម្តេចតេជោ និងក្រសួងសុខាភិបាល ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ រួមគ្នាប់ស្កាត់ឱ្យការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានឧបត្ភម្ភដល់ប្រធានក្រុមបក្សក្នុងភូមិគោកត្របែក គ្រូបង្រៀន ក្រុមគ្រូពេទ្យ នូវម៉ាស់ចំនួន ១ ០០០ម៉ាស់ ថ្នាំ TIFY ២០០បន្ទះ និងថវិកា ២លានរៀល។

គួរជម្រាបថា បច្ចុប្បន្នភូមិគោកត្របែកមានប្រជាជនរស់នៅចំនួន៣៣២គ្រួសារ ស្មើនឹង ១,៣៤១នាក់ (ស្រី៦៧៩នាក់)។ ទោះបីជាភូមិដាច់ស្រយាលមួយពិតមែន ប៉ុន្តែតែងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រោមការជួយអភិវឌ្ឍ ពីសំណាក់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ រដ្ឋបាលខេត្ត រដ្ឋបាលស្រុកជាដើម។

ជាក់ស្ដែងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់នូវមណ្ឌលសុខភាព អណ្ដូងទឹក និងគាំទ្រស្មារតីក្នុងការកសាងវត្តអារាម ផ្លូវធ្វើដំណើរ សាលារៀន សេវាសាធារណៈ និងការសម្រួលដល់ការរស់នៅរបស់ប្រជាជនជាច្រើន ហើយក្រោយនេះទៀត រាជរដ្ឋាភិបាលក៏បានរៀបចំការ ធ្វើ សាលកប័ត្រសំគាល់ដីអាស្រ័យផលជូនពួកគាត់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕

ដោយការយកចិត្តទុកដាក់ខ្ពស់៕

0 Reviews:

Post a Comment