ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, April 7, 2022

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០២១ និងទិសដៅបន្ដរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

អ្នកទស្សនា: Views

   




(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើញជួញដូរមនុស្ស ឆ្នាំ២០២១ និងទិសដៅការងារបន្ដឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។
 យោងតាមរបាយការណ៍របស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរមនុស្ស ចំនួន២៣៥ករណី ក្នុងនោះបានបញ្ជូនទៅតុលាការ ចំនួន៤០០នាក់ (ស្រី៣៩នាក់) សរុបជនរងគ្រោះដែលសង្គ្រោះបានចំនួន១,៣៩០នាក់ (ស្រី៥៩៥នាក់)។ ដោយឡែក ករណីអំពើធ្វើអាជីវកម្មផ្លូវភេទ បង្ក្រាបបានចំនួន១២៤ករណី (៨៦ករណីជាករណីរួមភេទជាមួយអនីតិជន) ក្នុងនោះបានបញ្ជូនទៅតុលាការ ចំនួន១៣៨នាក់ (ស្រី១៣នាក់) សរុបជនរងគ្រោះដែលសង្គ្រោះបាន ចំនួន១៨៧នាក់ (ស្រី១៧៤នាក់)។

 លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ព្រមជាមួយនឹងការរក្សាបាននូវសន្តិភាព សុវត្ថិភាព និងគ្រប់គ្រងបានយ៉ាងល្អនូវអត្រាឆ្លងនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យស្ថានភាពសេដ្ឋកិច្ច និងសង្គមវិលរកប្រក្រតីភាពឡើងវិញ ធ្វើឲ្យក្រុមជនល្មើស ដែលមានបណ្តាញនៅតាមបណ្តាប្រទេស បានប្តូរទិសដៅមកប្រើប្រាស់កម្ពុជា ជាគោលដៅក្នុងការបោកបញ្ឆោតទាក់ទាញប្រជាពលរដ្ឋតាមបណ្តាប្រទេស ដើម្បីនាំមកកេងប្រវ័ញ្ច និងជួញដូរនៅកម្ពុជាទៅវិញ។

 លោកស្រីបានអះអាងថា នេះជាសញ្ញានៃទម្រង់ថ្មីមួយ នៃអំពើជួញដូរមនុស្ស ដែលកម្ពុជាបាននិងកំពុងសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសពាក់ព័ន្ធ ដើម្បីធ្វើការបង្ក្រាប សង្គ្រោះ និងផ្តន្ទាទោសជនល្មើស និងផ្តល់កិច្ចការពារ និងធ្វើសមាហរណកម្មជនរងគ្រោះជាបន្តបន្ទាប់។ 

 កម្ពុជានៅតែបន្តប្តេជ្ញាចិត្តខ្ពស់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងចាត់ទុកថាជាអាទិភាពមួយ ដែលត្រូវយកចិត្តទុកដាក់ ទាំងការការពារទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ការទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ និងស្ថេរភាពសេដ្ឋកិច្ចជាតិ និងការប្រយុទ្ធប្រឆាំង បទល្មើស ជាពិសេសឧក្រឹដ្ឋកម្មឆ្លងដែនគ្រប់រូបភាព ដែលរួមទាំងអំពើជួញដូរមនុស្សផងដែរ។ 

 ជាក់ស្ដែង ក្នុងឆ្នាំ២០២១កន្លងទៅ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានធ្វើការអប់រំ ផ្សព្វផ្សាយផ្ទាល់ សរុបចំនួន ១២៨,១១៧លើក មានអ្នកចូលរួមសរុបចំនួន ៦,៦៣៣,០១៧នាក់ ក្នុងនោះមានស្ត្រីចំនួន៣,៤៨៤,០១៦នាក់៕

0 Reviews:

Post a Comment