ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Friday, April 22, 2022

ព្រឹកនេះ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ទេសចរណ៍កម្ពុជា ក្នុងបរិបទកូវីដ១៩»

អ្នកទស្សនា: Views


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ទេសចរណ៍កម្ពុជា ក្នុងបរិបទកូវីដ១៩»។

កិច្ចពិភាក្សានេះនឹងមានវិគ្មិនចូលរួមដូចជា៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, តំណាងក្រសួងទេសចរណ៍, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងសមាគមទេសចរណ៍កម្ពុជាផងដែរ។

មេរោគកូវីដ១៩ បានបន្តរាតត្បាតបណ្ដាប្រទេសនានាលើពិភពលោក តាំងពីចុងខែធ្នូ ឆ្នាំ២០១៩។ វិបត្តិនេះ បានបង្កជាផលប៉ះពាល់យ៉ាងខ្លាំង លើចង្វាក់នៃការផ្គត់ផ្គង់ សកម្មភាពនៃផលិតកម្មសកល វិស័យទេសចរណ៍ ដឹកជញ្ជូន និងស្ទើរគ្រប់វិស័យត្រូវបានជាប់គាំដោយសារតែវិបត្តិនេះ។

សម្រាប់កម្ពុជាវិញ បើតាមអ្នកជំនាញ បានប្រមើមើលឃើញថា ក្នុងនៅវិបត្តិរាតត្បាតនៃជំងឺកូវីដ១៩ខ្លាំង ធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជា ដែលជាវិស័យស្នូលមួយនៃសេដ្ឋកិច្ចរបស់ប្រទេស អាចត្រូវការពេលវេលាប្រមាណជា ២ ទៅ៣ឆ្នាំទៀត ទើបអាចវិលត្រឡប់មកស្ថានភាពដូចដើម បន្ទាប់ពីមនុស្សរាប់ពាន់នាក់បានបាត់បង់ការងារ និងចំណូលក៏បាត់បង់ ដោយសារតែរងផលប៉ះពាល់ដោយការរាលដាលនៃជំងឺកូវីដ១៩។

ទោះបីជាយ៉ាងនេះក្តី ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ បូករួមថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត កន្លងទៅនេះ មានភ្ញៀវជាង៥លាន១៧ម៉ឺននាក់ បានដើរលេងកម្សាន្តនៅទូទាំងប្រទេសកម្ពុជា។

ការដើរកម្សាន្តនេះ ជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនដ៏ខ្ពស់ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ នាកំឡុងខែធ្នូ ឆ្នាំ២០២១ កន្លងមក។

ការជឿជាក់លើភាពស៊ាំសហគមន៍ តាមរយៈការទទួលបានវ៉ាក់សាំងដូសពេញលេញ និងដូសបន្តបន្ទាប់ បានបង្កើតជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត ពាសពេញផ្ទៃប្រទេស។ ក្នុងន័យនេះ តាមការស្ទង់មតិ និងសង្កេតជាក់ស្តែងពួកគាត់ពិតជាមានក្តីរីករាយ ដែលបានដើរកម្សាន្តក្នុងឱកាសចូលឆ្នាំនេះ ព្រោះខកខានរៀបចំរយៈពេល២ឆ្នាំ ហើយក៏ជឿជាក់លើប្រសិទ្ធភាពនៃវ៉ាក់សាំងផងដែរ៕

0 Reviews:

Post a Comment