ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Friday, April 8, 2022

កិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល

អ្នកទស្សនា: Views

  

ខេត្តកណ្តាល ៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំត្រីមាសទី០១ នៅសាលាខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ ដល់អាជ្ញាធរ ក្រុង-ស្រុក និងថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តនូវ ទិសដៅការងារ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា សម្រាប់ឆ្នាំថ្មី ឆ្នាំ២០២២នេះ អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំរួមសាមគ្គីគ្នា បំពេញភារកិច្ច កាតព្វកិច្ច និងទិសដៅការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅរកការអភិវឌ្ឍ និងការកសាងសមិទ្ធផលថ្មីៗឱ្យបានច្រើនបន្ថែមទៀតក្នុងខេត្ត។ ត្រូវរួមគ្នាត្រួតពិនិត្យពិភាក្សា បញ្ហាប្រឈម ដូចជាចំណុចខ្វះចន្លោះដែលនៅមិនទាន់បានអនុវត្ត និងការដោះស្រាយ ដើម្បីរួមគ្នាកែលម្អ ដោះស្រាយឱ្យបានកាន់តែល្អប្រសើរ ទាន់ពេលវេលា ឆ្លើយតបទៅនឹងភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិក៏ដូចក្នុងខេត្តកណ្តាល សំដៅខិតខំបម្រើជូនប្រជាជននៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ។ឯកឧត្តម បានជម្រុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែខិតខំដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ចេញជាលទ្ធផលជូនពួកគាត់ កុំឱ្យមានការយឺតយ៉ាវឱ្យសោះ ពោលគឺយើងមិនត្រូវទុកឱ្យរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ អូសបន្លាយយូបានឡើយត្រូវដោះស្រាយឱ្យបានចប់ទាន់សភាពការណ៍។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម បានអោយដឹងថា ពាក់ព័ន្ធនឹងការត្រៀមរៀបចំពិធីបុណ្យសង្ក្រាន្តខេត្តកណ្តាល ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នៅបរិវេណសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ នាពេលខាងមុខនេះ ឯកឧត្ដម បានណែនាំគ្រប់មន្ទីរពាក់ព័ន្ធទាំងអស់ ឱ្យរំឭកគ្រប់វត្តអារាមឱ្យធ្វើការសម្អាត និងតុបតែង លម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកឱ្យបានសមរម្យ និងសហការជាមួយរដ្ឋបាល ខេត្ត ស្រុក ក្រុង រៀបចំពិធីបុណ្យសាសនាតាមវត្តអារាមស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ សម្អាតបរិស្ថានក្នុងវត្ត សម្ពាតព្រះពុទ្ធរូប ព្រះបដិមា ពិធីស្រោចទឹកសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យជាដើម។ ចាត់តាំងពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបងប្អូន ជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅតាមទីកន្លែងដែលបានតម្កល់អដ្ឋិធាតុ តាមបូជនីយដ្ឋាន ស្តុប តាមវត្តអារាម ដោយអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន គឺត្រូវពាក់ម៉ាស់ ធ្វើការវាស់កម្ដៅ លាងដៃសាប៊ូ ឬអាលំកុល ដែល និងរក្សាគម្លាតសុវត្ថិភាព ។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់រដ្ឋបាលក្រុងតាខ្មៅ និងគ្រប់ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ធ្វើការផ្សព្វផ្សាយឱ្យបានទូលំ ទូលាយនូវសេចក្ដីសម្រេចលេខ ០៣៧ សសរ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការបង្កើតគណៈកម្មការរៀបចំពិធីសង្ក្រាន្តខេត្តកណ្តាល អបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នៅក្រុងតាខ្មៅ ជូនមន្ត្រីរាជការ អាជីវករ និងប្រជាជនទូទាំងខេត្ត ឱ្យបានជ្រួតជ្រាប និងបំផុសចលនាឱ្យមានការចូលរួមសស្រាក់សម្រាំ អបអរសាទរពិធីបុណ្យសង្ក្រាន្តខេត្តកណ្ដាល។ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល សម្រួលផ្សាយដោយ៖ dara

0 Reviews:

Post a Comment