ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Monday, April 11, 2022

អភិបាលខេត្ដព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសាខាស្ដីពីការរៀបចំប្រារព្ធខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា

អ្នកទស្សនា: Views

 


ព្រះសីហនុ៖ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសាខា ស្ដីពីការរៀបចំប្រារព្ធខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា និងការប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មហ្លួងម៉ែ នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានមានប្រសាសន៍ថ្លែងអំណរគុណលោក លោកស្រីជាគណៈកម្មាធិកាសាខាក្រុង ស្រុកទាំង៥ និងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានលះបង់កម្លាំងកាយ ចិត្តក្នុងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ពិសេសក្នុងការចុះចែកស្បៀង ក្នុងតំបន់បិទខ្ទប់ និងការចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់)ជាដើមនៅតាមស្រុក ក្រុង។

ឯកឧត្តមបញ្ជាក់ថា ការប្រារព្ធខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ "ទាំងអស់គ្នា រួមជាមួយកាកបាទក្រហមកម្ពុជាដោះស្រាយបញ្ហាប្រឈមនានា និងបន្តភាពធន់សហគមន៍" ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ នៃភាពងាយរងគ្រោះនៅក្នុងខេត្តឱ្យបានស័កិ្តសម ជាជំនួយការអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។ ទន្ទឹមនោះ ការអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានចូលរួមបរិច្ចាគថវិកាតាមសទ្ធា ជ្រះថ្លា និងដោយស្ម័គ្រចិត្តជូនសមាគមជាតិ ការផ្សព្វផ្សាយបំផុសចលនាកៀរគរ រកមូលនិធិក្នុងយុទ្ធនាការផ្សព្វផ្សាយឈានឆ្ពោះទៅទិវា ៨ឧសភា។

ឯកឧត្តមប្រធានបានបន្តថា ចំពោះការរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មហ្លួងម៉ែ ខេត្ដត្រូវរៀបចំទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅតាមវត្តមួយចំនួនក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ក្នុងនោះក៏មានវត្តសាមាធិ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ដែលព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្ត និងប្រជាពលរដ្ឋចំណុះជើងវត្តបានចូលរួមសហការជាមួយរដ្ឋបាលខេត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យកទីតាំងវត្តសម្រាប់ ធ្វើជាកន្លែង បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នាពេលកន្លងមកទទួលបានលទ្ធ ផល ផ្លែផ្កាល្អ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានធ្វើសកម្មភាពចុះចែកស្បៀងជូនប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិនានាក្នុងក្រុង ស្រុកទាំង៥ បានចំនួន ៤០៨លើក ស្មើនឹង ១២ ១៦៨ គ្រួសារ ។ ដោយឡែក ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២២នេះ សាខាកាកបាទក្រហមខេត្តព្រះសីហនុ បានចុះចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិបានចំនួន ៥២លើក ស្មើនឹង ១ ៤៥៣ គ្រួសារផងដែរ៕

ដោយ ងូ សុមុនី៖សម្រួលដោយ៖ដារ៉ា

0 Reviews:

Post a Comment