ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Saturday, March 5, 2022

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួមលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះម្តាយ

អ្នកទស្សនា: Views


លោកជំទាវ វេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួមលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះម្តាយ ជាពិសេសសម្របសម្រួល ឱ្យមានបន្ទប់បំបៅដោះកូន នៅកន្លែងធ្វើការ ដោយសារតែទឹកដោះម្តាយមានគុណតម្លៃយ៉ាងច្រើនលើសលប់ចំពោះសុខភាពទារក ផ្នែករាងកាយ ការអភិវឌ្ឍន៍ សតិបញ្ញាស្មារតីរបស់កុមារ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។ 

 លោកជំទាវ វេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ជាទូទៅម្តាយនិងអ្នកថែទាំ កុមារ បានផ្លាស់ប្តូរពីការបំបៅកូនដោយទឹកដោះម្តាយ ជំនួសមកវិញនូវការបំបៅកូនដោយទឹកដោះគោម្សៅផ្សំតាមរូបមន្ត ជាពិសេស នៅអំឡុងពេលម៉ោងធ្វើការសម្រាប់កុមារមានអាយុពី៣-៤ខែ ដែលនេះជាការព្រួយបារម្ភមួយយ៉ាងខ្លាំង ពីសំណាក់ស្ថាប័នដែលធ្វើ ការងារផ្នែកអាហារូបត្ថម្ភទាំងអស់នៅកម្ពុជា ព្រោះថានៅក្នុងប្រទេសកម្ពុជា មានស្ត្រីដល់ទៅចំនួន៧០ភាគរយ មានការងារធ្វើនៅក្នុង ប្រព័ន្ធការងារផ្លូវការ ។

 លោកជំទាវ បានបន្ថែមថា ប្រសិនបើមិនមានដំណោះស្រាយសមស្រប ក្នុងការលើកកម្ពស់ការបំបៅដោះកូន សម្រាប់ស្រ្តីបម្រើ ការងារ នៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការទេនោះ គឺនឹងធ្វើឱ្យអត្រាការបំបៅកូនដោយទឹកដោះម្តាយ បន្តធ្លាក់ចុះ ថែមទៀតជាមិនខាន។ ដូច្នេះនៅចំពោះមុខបញ្ហានេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញ និងលើកទឹកចិត្តស្រ្តីធ្វើការទាំងអស់ ឱ្យបន្តការបំបៅកូនដោយទឹកដោះម្តាយបន្តទៀត បន្ទាប់ពីត្រឡប់មកធ្វើការវិញ ។

 «ដើម្បីចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់ ៦ខែ ឲ្យបានដល់៨៥% នៅឆ្នាំ២០៣០ នាងខ្ញុំក៏សូមអំពាវនាវដល់ក្រសួង ស្ថាប័ន មន្ទីរ រោងចក្រ សហគ្រាស ម្ចាស់ជំនួយ អង្គការសហប្រជាតិ អង្គការសង្គមស៊ីវិល ដៃគូឯកជនទាំងអស់សូមចូលរួមលើកកម្ពស់ ការបំបៅដោះកូន ដោយទឹកដោះម្តាយនៅកន្លែងធ្វើការ ជាពិសេសសម្របសម្រួលឲ្យមានបន្ទប់បំបៅដោះកូននៅគ្រប់កន្លែងធ្វើការទាំងអស់ ដើម្បី ឱ្យស្រ្តី អាចបន្តការបំបៅដោះកូនដោយងាយស្រួល បន្ទាប់ពីត្រឡប់ចូលធ្វើការវិញ» ។

 លោកជំទាវបានបន្ថែមទៀតថា ម្យ៉ាងវិញទៀត ចំពោះការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តបានបង្ហាញថា ការបង្កបរិយាកាស សមស្រប ដូចជាការបង្កើតបន្ទប់បំបៅដោះកូនសមរម្យនៅកន្លែងធ្វើការ ផ្តល់ពេលវេលាសម្រាកដល់ស្រី្ត ក្នុងការបំបៅដោះកូន នៅកន្លែងធ្វើការ ផ្តល់ពេលវេលាក្នុងការច្របាច់ឬបូមទឹកដោះម្តាយក្នុងបន្ទប់បំបៅ ជាមួយនឹងការបំពាក់សម្ភារៈនិងឧបករណ៍ គ្រប់គ្រាន់ នឹងធ្វើឱ្យស្ត្រីមានការពេញចិត្ត មានអារម្មណ៍ល្អស្រស់ថ្លានៅកន្លែងធ្វើការ ទទួលបានសុខភាពល្អប្រសើរ ទាំងខ្លួនគាត់ ផ្ទាល់ កូន និងក្រុមគ្រួសារ ដែលជាបច្ច័យនាំមកនូវការកើនឡើងផលិតភាពការងារ

 និងកាត់បន្ថយអវត្តមានបុគ្គលិក ព្រមទាំង កាត់បន្ថយការចំណាយលើការធានារ៉ាប់រងសុខភាពបុគ្គលិកថែមទៀតផង ។ យោងតាមភស្តុតាងវិទ្យាសាស្រ្ត បញ្ជាក់យ៉ាងច្បាស់ថា ការបំបៅកូនដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល អាចទប់ស្កាត់មរណភាពទារកបានប្រហែល២០ភាគរយ , កុមារដែលបានទទួលការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់ សម្រាប់រយៈពេល៦ខែដំបូង អាចកាត់បន្ថយជំងឺរាករូសបាន១១ដង និងជំងឺរលាកសួតបាន១៥ដង បើប្រៀបធៀបជាមួយកុមារ ដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយបានពេញលេញ ៕


0 Reviews:

Post a Comment