ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, March 17, 2022

នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួនពីរគ្រឿង បានចាកចេញពីដែនទឹកកម្ពុជា

អ្នកទស្សនា: Views

  



 ព្រះសីហនុ: ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ព្រឹកថ្ងៃ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២នេះ នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួនពីរគ្រឿងគឺ URAGA-463 និង HIRADO-305 បានចាកចេញពីដែនទឹក នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព និងមានការស្វាគមន៍ជូនដំណើរដោយនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដឹកនាំដោយលោកឧត្តមនាវីត្រី គី យ៉ាដេត នាយរងសេនាធិការមូលដ្ឋានសមុទ្រ។

បន្ទាប់ពីការចូលចតធ្វើទស្សនកិច្ចរបស់នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួនពីរគ្រឿង (URAGA-463 និង HIRADO-305) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចជាមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា និងរម្លឹកអនុស្សាវរីយ៍ អបអរសាទរខួបលើកទី៣០ នៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព របស់កងទ័ពស្វ័យការពារជប៉ុន នៅព្រះរាជាណាចក្រកម្ពុជា ដែលជាបេស កកម្មក្រៅប្រទេសលើកដំបូង (លើកទី1) របស់ជប៉ុន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ដំណើរទស្សនកិច្ចរបស់នាវាស្វ័យការពារជើងទឹកជប៉ុន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ការហ្វឹកហ្វឺនដកបទពិសោធន៍ លើកកម្ពស់សាមគ្គីភាព និងការផ្ដល់ជំនួយមនុស្សធម៌នានា ក្នុងនោះក៏មានការធ្វើលំហាត់ បោសសម្អាតមីនជាមួយកងទ័ពជើងទឹកកម្ពុជាផងដែរ។

សូមបញ្ជាក់ថា នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន ពីរគ្រឿង ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ លក្ខណៈបច្ចេកទេស៖

1-នាវាឈ្មោះ URAGA-463 ជាប្រភេទនាវាប្រឆាំងមីន មានបណ្ដោយ ១៤១ម៉ែត្រទទឹង ២២ម៉ែត្រ ជម្រៅទឹក ៥.៤ម៉ែត្រ ទម្ងន់ផ្ទុក ៥ ៦៥០តោន មាននាវិកចំនួនមនុស្ស ១២៦នាក់។

2-នាវាឈ្មោះ HIRADO-305 មានបណ្ដោយ ៦៧ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅទឹក ២.៧ម៉ែត្រ ទម្ងន់ផ្ទុក ៦៩០តោន មាននាវិកចំនួន ៥៤នាក់។ នាវាទាំងពីរនេះដឹកនាំដោយមេបញ្ជាការរួម គឺ លោក Noguchi Yasushi មេបញ្ជាការកងពលធំទី១ បោសសម្អាតមីនប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ dara

0 Reviews:

Post a Comment