ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, March 31, 2022

ឯកឧត្តម ជិន ប៊ុនស៊ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប

អ្នកទស្សនា: Views

 



កែប ៖ សាលាខេត្តកែប នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានរៀបចំធ្វើពិធីបូកសរុបលទ្ធផលការងារ របស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត។ 

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប និងមានការអញ្ជើញចូលរួមពីសំណាក ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ រួមទាំងមន្ត្រីរាជការជុំវិញខេត្តផងដែរ។

កិច្ចប្រជុំប្រព្រឹត្តទៅ ដោយមានបទអន្តរាគមន៍ របស់តំណាង ឃុំ សង្កាត់ទាំង៥ និងតំណាងរដ្ឋបាល ក្រុង ស្រុក ដោយលើកឡើងនូវ រាល់សមិទ្ធផលនានាដែលបានអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០២២ និងបញ្ហាប្រឈមនានា និងបានដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត សម្រាប់ត្រីមាសទីពីរ ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអានរបាយការណ៍សង្ខេប អំពីលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ដែលបានអនុវត្តនៅក្នុងត្រីមាសទីមួយ ក៏ដូចជាស្ថានភាពទូទៅ នៃការ អភិវឌ្ឍន៍ខេត្ត ការងារតាមវិស័យនានា រួមទាំងបញ្ហាប្រឈម ដំណោះស្រាយ លើកទិសដៅអនុវត្តបន្ត សម្រាប់ត្រីមាសទីពីរ ឆ្នាំ២០២២ ។

ការងារសំខាន់ដែលខេត្តបានអនុវត្ត នៅក្នុងត្រីមាសទីមួយមានដូចជាៈ បានបន្តខិតខំកសាង ស្ដារ និងជួសជុល ឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវអ៊ុតកៅស៊ូ AC ផ្លូវអ៊ុតកៅស៊ូ DBST ផ្លូវបេតុងសរសៃដែក ផ្លូវក្រាលក្រួសក្រហម ជាច្រើន កំណាត់ និងការពង្រីកឆ្នេរ ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ហើយខេត្តក៏កំពុងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់ ប្រវែង ២,៧០០ ម៉ែត្រ នៅក្នុងភូមិសាស្ត្រ ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ចាប់ពីចំណុចផ្សារក្តាមរហូតដល់ចំណុច សហគមន៍ព្រៃកោងកាង គម្រោងអភិវឌ្ឍន៍ផ្លូវក្រវាត់ភ្នំ តំបន់ឧទ្យានជាតិកែប ដើម្បីទាក់ទាញ

ទេសចរណ៍ប្រវែង ៦,០០០ម៉ែត្រ ការស្ថាបនាផ្លូវប្របមាត់សមុទ្រប្រវែង១២គីឡូ៧០០ម៉ែត្រឆ្ពោះទៅកាន់ឆ្នេរអង្កោល។ ឯកឧត្តមបន្តថា សកម្មភាពដែលបានអនុវត្ត រយៈពេល ៣ខែ កន្លងមកនេះ ធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានការជឿជាក់ លើគោលនយោបាយ ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ មានប្រសាសន៍បិទអង្គប្រជុំបូកសរុបលទ្ធផលការងារ របស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នាឱកាសនោះ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល

ចុះមូលដ្ឋានខេត្តកែប គូសបញ្ជាក់ថា លទ្ធផលសម្រេចបាននៅក្នុងត្រីមាសទីមួយ ពិតជាបង្ហាញឱ្យឃើញ នូវការខិតខំយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ក្នុងការជំរុញ ការអនុវត្តន៍ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅឱ្យមានអភិបាលកិច្ចល្អ លើកកម្ពស់គុណភាពរស់នៅ របស់ ប្រជាពលរដ្ឋ នៅមូលដ្ឋាន ជាពិសេស បង្កើតនូវជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ជិន ប៊ុនស៊ាន ក៏បានផ្ដល់ នូវអនុសាសន៍ជាគន្លឹះមួយចំនួន ដើម្បីដាក់បញ្ចូលនៅក្នុងទិសដៅ សម្រាប់ អនុវត្តនៅត្រីមាសបន្ត ក្នុងនោះរួមមាន៖ ១- សូមឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់បន្តចុះពង្រឹងមូលដ្ឋាន ភ្ជាប់នូវបញ្ហាប្រឈមនានារបស់ប្រជា

ពលរដ្ឋ និងចាំជួយដោះស្រាយ នូវបញ្ហាប្រឈមទាំងនោះ ឱ្យបានទាន់ពេលវេលា ២- សូមឱ្យឃុំសង្កាត់ ពិនិត្យលើការងារ ធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋ ឱ្យបានគ្រប់គ្នា ដើម្បីជាប្រយោជន៍ដល់ការប្រើប្រាស់ ប្រចាំថ្ងៃ ពិសេសជំរុញឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខ ទទួលបានជោគជ័យ 
 ៣- សូមឱ្យរដ្ឋបាលខេត្ត ខិតខំជំរុញ ការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ

៤- សូមឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បន្តគ្រប់គ្រង រៀបចំ សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈឱ្យ
បានល្អប្រសើរ ទប់ស្កាត់បង្ក្រាប បទល្មើសឆក់ប្លន់លួច ល្បែងស៊ីសង គ្រឿងញៀនបងធំបងតូច សំដៅជំរុញ ចលនាភូមិឃុំមានសុវត្ថិភាព ឱ្យកាន់តែប្រសើរឡើង ផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។ 

 ៥- សូមឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ បន្តសហការគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
 តាមរយៈការជំរុញឱ្យប្រជាពលរដ្ឋ មកចូលរួម ចាក់វ៉ាក់សាំងជុំទី៣ ទី៤ ឬដូសជំរុញ ឱ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការចូលរួម អនុវត្ត វិធានការសុខាភិបាល វិធានការ៣កុំ និង ៣ការពារ ឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ សហការគ្នា ប្រកបដោយស្មារតីសាមគ្គីភាព អនុវត្តតួនាទីភារកិច្ច ស្របតាមច្បាប់ ស្ដីពីការគ្រប់គ្រង រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់លិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ដើម្បីឱ្យការអនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យ ធ្វើឱ្យខេត្តកែប មានការរីកចម្រើន លើគ្រប់វិស័យ៕

 មន្ទីរព័ត៌មានខេត្តកែបអត្ថបទ: លោក ជិន សុផុន:សម្រួលដោយ៖​ ដារ៉ា


0 Reviews:

Post a Comment