ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Saturday, February 5, 2022

អ្នកស្រុកអង្គរ តែងតែប្រារព្ធពិធីឡើងមាឃ ឬពិធីបុណ្យឡើងអ្នកតា ដើម្បីសុំសេចក្តីសុខជារៀងរាល់ឆ្នាំ

អ្នកទស្សនា: Views




សៀមរាប៖​ ជារៀងរាល់ឆ្នាំនាថ្ងៃ៣ កើត ខែមាឃ បងប្អូនប្រជា ពលរដ្ឋរស់នៅតំបន់អង្គរឬនៅជុំវិញនោះ តែងតែរួមគ្នាប្រារព្វពិធីឡើងមាឃ ឬពិធីឡើង អ្នកតា ដើម្បីសុំសេចក្តីសុខ ចម្រើន។ នៅក្នុងឆ្នាំ២០២២នេះ ក្នុងថ្ងៃ៣កើតខែមាឃ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ក៏មិនខុស ប្លែកពីឆ្នាំមុនៗប៉ុន្មានឡើយ ប្រជាពលរដ្ឋក្មេងចាស់ ប្រុស ស្រី បានមកជួបជុំគ្នានៅបរិវេណខាងមុខប្រាសាទអង្គរ ដើម្បីប្រារព្ធពិធីឡើងមាឃឬពិធីឡើងអ្នកតា ដើម្បីសុំសេច ក្តីសុខចម្រើន ដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ដែលទាំងនេះសបញ្ជាក់ឱ្យឃើញថា អ្នក ស្រុកអង្គរ នៅតែបន្តថែរក្សាប្រពៃណី ពីបុរាណកាល ដែលបន្សល់ទុកពីដូនតា មកដល់បច្ចុប្បន្ន។ លោក ហៀ សារ៉ី ជាអាចារ្យដឹកនាំពិធីឡើងមាឃ បានឱ្យដឹងថា ការប្រារព្ធពិធីឡើង មាឃ ក្នុងគោលបំណង ដើម្បី រំលឹកដល់គុណអតីតព្រះ មហាក្សត្រ មេទ័ព និងវីរជន គ្រប់ជំនាន់ដែលបានខិតខំកសាងប្រាង្គប្រាសាទ ជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ និងដើម្បីសុំសេចក្តីសប្បាយដល់កូនចៅគ្រប់ៗរូប។ 

 លោកបន្តទៀតថាជារៀងរាល់ឆ្នាំ មិនចាំបាច់ណាត់គ្នាទុកឡើយ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃ ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់អង្គរ តែងតែមកជួបជុំគ្នា ដោយមានទាំងដង្វាយបូជាផ្សេងៗជាច្រើន ដើម្បីយកមកប្រារព្ធពិធីឡើង មាឃ។ យើងធ្វើតាមបែបព្រះពុទ្ធសាសនាផង តាមបែបព្រហ្មញ្ញសាសនាផង ដោយថ្ងៃ៣កើត ខែមាឃ ធំនេះ ពេលព្រឹកយើងជួបជុំគ្នា មាននិមន្តព្រះសង្ឈ ចម្រើនព្រះបរិត្ត វេភត្តហាថ្វាយព្រះសង្ឃ ដើម្បីឧទ្ទិសដល់បុព្វ បុរសគ្រប់ជំនាន់ ជាពិសេសលោកតារាជ្យ ហើយមួយទៀតយើងធ្វើតាមលទ្ធិព្រហ្មមញ្ញសាសនា យើងមានរៀបគ្រឿងសក្ការៈក្រយាបូជាសព្វបែប យ៉ាង មានភ្លេងពិណពាទ្យ យើងប្រគុំថ្វាយមានដល់ទៅ៧បទ ទន្ទឹមនឹងនោះមានកម្មវិធីបួងសួង ដល់ទេវតា យក្ស អ្នកតា គ្រប់ភពផែនទាំងអស់មកសន្ធិតនៅទីនោះដើម្បីទទួលសំណែនដែលកូនចៅបានធ្វើ។

 ចំណែកលោកយាយ កែវ ចន្ថូ រស់នៅភូមិវាល សង្កាត់គោក ចក បានឱ្យដឹងថា តាមទំនៀមប្រពៃណីពីបុរាណ កាលមក មិនដែលខកខានឡើយ ឱ្យតែដល់ថ្ងៃ៣កើតខែមាឃ ប្រជាពលរដ្ឋតែងតែ មានការជួបជុំគ្នា ប្រារព្ធពីធីឡើងមាឃ ឬឡើងអ្នកតា នៅមុខអ្នកតារាជ្យ ខាងមុខប្រាសាទអង្គរវត្ត ដើម្បីសុំសេចក្តីចម្រើន ទៅតាមជំនឿរបស់ខ្លួន។មួយវិញទៀត ក៏ដើម្បីអបអរក្រោយពេលការប្រមូលផលស្រូវរួច និងជាការដឹងគុណដល់អ្នកតា ដែលបានផ្តល់ភោគផលស្រូវល្អប្រសើពេញមួយឆ្នាំ។

 សំឡេង៖ពីបុរាណមកតែ៣ កើតខែមាឃ គេហៅឡើង មាឃ ឡើងអ្នកតា ពេលព្រឹកយើងនិមន្តលោកឆាន់ វេរជាចង្ហាន់ដល់បុព្វបុរសដែលបានចែកឋាន ដែលបានថែរក្សាទឹកដីអង្គរ ដល់ពេលល្ងាចក៏មានពិធីបួងសួងឧទ្ទិសដល់តារាជ្យ តាពេជ្យ ដែលគាត់ថែ រក្សានៅអង្គរហ្នឹង ឧទ្ទិសសែនជាសំណែនថ្វាយដល់អ្នកថែ រក្សា តែ៣កើតខែមាឃធ្វើរាល់ឆ្នាំអត់ដែលខានទេ។ សូមបញ្ជាក់ថា ពិធីឡើងមាឃឬឡើងអ្នកតា ប្រារព្ធឡើង តាមបែបព្រះពុទ្ធសាសនាផង និងតាមជំនឿបែបព្រហ្មមញ្ញសាសនាផង ដោយពេលព្រឹក ព្រលឹម មានពិធីនិមន្តព្រះសង្ឈសូទ្រមន្តចម្រើនព្រះបរិត្ត និងវេភត្តហាប្រគេនព្រះសង្ឈ និងពេលរសៀល មានរៀបចំជាគ្រឿងសក្តារៈ ដង្វាយបូជា ការប្រគុំភ្លេងពិណពាទ្យ និងមានពិធីបួងសួងសុំសេចក្តីសុខចម្រើនផងដែរ៕

 


0 Reviews:

Post a Comment