ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Saturday, February 26, 2022

ក្រុមគ្រូពេទ្យយោធាចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដូសជំរុញជូនដល់់គ្រួសារយោធិននិងអតីតយុទ្ធជនក្នុងស្រុកអង្គរធំ១៨៤នាក់

អ្នកទស្សនា: Views




សៀមរាប: ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២២ លោក វរៈសនីយ៍ឯក វិញ វឿន មេបញ្ជាការរងតំ បន់ប្រតិបត្តិការសឹករងសៀមរាប កាលពីថ្ងៃ៩រោចខែមាឃឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២២ បានដឹកនាំក្រុមគ្រូពេទ្យរបស់ខ្លួនចំនួន២១នាក់ ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដូសជំរុញ ប្រភេទ Pfizer ជូនដល់បងប្អូនយោធិន គ្រួសារយោធិន និងអតីតយុទ្ធជន ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ចំនួន១៨៤នាក់ ដែលក្នុងនោះស្រី៦៨នាក់។ ហើយទីតាំងចាក់វ៉ាក់សាំងនោះស្ថិតនៅក្នុងសាលាឃុំលាងដៃ ក្រោមវត្តមានចូលរួមរបស់លោក ឡុង រដ្ឋារក្ស អភិបាលស្រុក និងជាប្រធានកិត្តិយសនៃសមាគមអតីតយុទ្ធជនស្រុកអង្គរធំ។

មានប្រសាសន៍នាឱកាសនោះ លោក វរៈសនីយ៍ឯក វិញ វឿន បានឱ្យដឹងថា ក្រោយពីទទួលបានបទបញ្ជារបស់លោកមេបញ្ជាការយោធភូមិភាគទី៤ និងការណែនាំរបស់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លោកបានរៀបចំក្រុមការងារគ្រូពេទ្យ ចុះធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដូសជំរុញប្រភេទ Pfizer នេះ ជូនដល់បងប្អូនយោធិន គ្រួសារយោធិន និងអតីតយុទ្ធជន នៅតាមបណ្តាស្រុកចំនួន១១ស្រុក ចាប់តាំងពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២មក ហើយឥឡូវនេះស្រុកអង្គរធំ គឺជាស្រុកចុងក្រោយ ដែលមានបងប្អូនអតីតយុទ្ធជនយើងចំនួន១៨៤នាក់។ ហើយលោក វិញ វឿន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៤នេះ ក៏មានស្រុកមួយចំនួន ដែលបងប្អូនគ្រួសារយោធិន អតីតយុទ្ធជននៅសេសសល់មិនទាន់បានមកចាក់ ក្រុមការងារយើងនឹងបន្តចាក់ជាលើកទី២ទៀត ជូនបងប្អូនឱ្យបានគ្រប់ៗគ្នា។

រីឯលោកចៅហ្វាយស្រុក ឡុង រដ្ឋារក្ស ក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានគិតគូរពីសុខភាពរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្តល់នូវវ៉ាក់សាំងបង្កាជំងឺកូវីដ១៩នេះ ចាក់ជូនបងប្អូនដោយឥតគិតថ្លៃ និងថ្លែងអំណរគុណផងដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប និងក្រុមគ្រូពេទ្យកងទ័ព ដែលបានចុះមកចាក់វ៉ាក់សាំងជូនដល់បងប្អូនអតីតយុទ្ធជនស្រុកអង្គរធំនេះ។

លោកចៅហ្វាយស្រុក ឡុង រដ្ឋារក្ស ក៏បានណែនាំ ដល់បងប្អូនយោធិន គ្រួសារយោធិន និងអតីតយុទ្ធជនទាំងអស់ ដែលបានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងពេលនេះ ក៏ត្រូវបន្តការប្រុងប្រយ័ត្នការពារខ្លួនបន្ថែមទៀត ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធានការ ៣កុំនិង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ពិសេសក្រោយពេលចាក់វ៉ាក់សាំងរួចនេះ មិនត្រូវពិសាគ្រឿងស្រវឹងរយៈពេលយ៉ាងតិច១សប្តាហ៍ ដើម្បីឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពក្នុងការប្រឆាំងមេរោគកូវីដ-១៩៕ ដោយ៖ ហង្ស សៀក សម្រួលផ្សាយដោយ៖ dara


0 Reviews:

Post a Comment