ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, February 23, 2022

សម្តេចតេជោ ជំរុញប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជន ត្រូវខិតខំបង្កើតនិងបង្កើនស្នាដៃវប្បធម៌ថ្មីៗ ដោយផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណជាតិ

អ្នកទស្សនា: Views




ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជន ត្រូវខិតខំបង្កើតនិងបង្កើនស្នាដៃវប្បធម៌ថ្មីៗឱ្យកាន់តែមានភាពច្នៃប្រឌិត ដោយផ្អែកលើ មូលដ្ឋាននៃអត្តសញ្ញាណជាតិ ដើម្បីលើកស្ទួយវប្បធម៌និងរួមគ្នាការពារសម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្ស។

យោងតាមសារាចរ ក្នុងឱកាសទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យវប្បធម៌ជាតិ ដែលជាដួងព្រលឹងជាអត្តសញ្ញាណជាតិ ជាកិត្យានុភាពជាតិ និងជាស៊ីម៉ង់ត៍រស់សម្រាប់ផ្សារភ្ជាប់ ទំនាក់ទំនង ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជាពីប្រទេសមួយទៅប្រទេសមួយ ដើម្បីនាំមក នូវសាមគ្គីភាពសន្តិភាព និងសុខដុមនីយកម្ម រាជរដ្ឋាភិបាលកម្ពុជាសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ" ក្នុងគោលបំណងជំរុញឱ្យប្រជាពលរដ្ឋ ពិសេសយុវជនទូទាំងប្រទេស ដូចជា ចូលរួមកាន់តែសកម្មឡើងថែមទៀតក្នុងការថែរក្សានិងការពារមរតកវប្បធម៌ជាតិ និងលើកកម្ពស់មនសិការនិងស្មារតីចូលរួមផ្ទេរ ព្រមទាំងទទួលយកនូវចំណេះដឹង ជំនាញ និងបច្ចេកទេសសិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជាតិ ក៏ដូចជា វប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស។

សម្តេចតេជោ បានបន្តថា ត្រូវជំរុញឱ្យមានការចូលរួមដោយមានការទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ជាតិ ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរ។ លើកទឹកចិត្តឱ្យមានការចូលរួមក្នុងការសិក្សាស្រាវជ្រាវ ដើម្បីចងក្រងរក្សាទុកឱ្យបានគង់វង្ស នូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌ គ្រប់ប្រភេទដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

សម្តេចតេជោ បានបន្តទៀតថា ត្រូវបង្កើនការយល់ដឹងអំពីតម្លៃពិតនៃវប្បធម៌ជាតិ និងភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ដែលជា ប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារនិងកាលានុវត្តភាពសម្រាប់ទាញយកប្រាក់ចំណូល ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើនសេវានិងផលិតផលវប្បធម៌ ក្នុងគោលដៅពាណិជ្ជកម្មនិងទេសចរណ៍ និងជំរុញប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជនឱ្យខិតខំបង្កើតនិងបង្កើនស្នាដៃវប្បធម៌ថ្មីៗឱ្យកាន់តែមានភាពច្នៃប្រឌិតដោយផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណជាតិ ក្នុងគោលបំណងលើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន៕

0 Reviews:

Post a Comment