ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Saturday, February 12, 2022

ធនាគារ វីង រៀបចំទទួលស្វាគមន៍លោក គង់ វិបុល បង្ហាញការច្នៃប្រឌិតឌីជីថលរបស់ខ្លួនក្នុងដំណោះស្រាយហិរញ្ញវត្ថុ

អ្នកទស្សនា: Views




(ភ្នំពេញ)៖ ធនាគារ វីង បានរៀបចំដំណើរទស្សនកិច្ចរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងគណៈប្រតិភូច្រើនរូបទៀត ដើម្បីបង្ហាញពីវឌ្ឍនភាពនៃបច្ចេកវិទ្យាឌីជីថលក្នុងវិស័យធនាគារ និងចក្ខុវិស័យក្នុងការផ្តល់ភាពងាយស្រួលដល់សេវាហិរញ្ញវត្ថុពាក់ព័ន្ធដល់ប្រជាជនកម្ពុជាគ្រប់រូប។ ដំណើរទស្សនកិច្ចនេះត្រូវបានដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារ វីង នៅការិយាល័យកណ្តាលរបស់ធនាគារ វីង ក្នុងរាជធានីភ្នំពេញ។គណៈប្រតិភូត្រូវបានបង្ហាញពីរបៀបដែលធនាគារ វីង ប្រើប្រាស់ប្រព័ន្ធអេកូឌីជីថលដ៏ធំរបស់ខ្លួន និងបច្ចេកវិទ្យាឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដើម្បីកាត់បន្ថយភាពយឺតយ៉ាវក្នុងការផ្តល់ប្រាក់កម្ចីរបស់អតិថិជនគាំទ្រដល់បរិយាបន្នហិរញ្ញវត្ថុ និងឌីជីថល ការបើកដំណើរការពាណិជ្ជកម្មអេឡិចត្រូនិក និងអភិបាលកិច្ចអេឡិចត្រូនិក ព្រមទាំងការគាំទ្រដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបើកចំហ និងឌីជីថល។ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ធនាគារ វីង បាននិងកំពុងធ្វើការដោយយកចិត្តទុកដាក់ ដើម្បីធានាឲ្យបានថាក្នុងសហគមន៍អាចទទួលបានដំណោះស្រាយហិរញ្ញវត្ថុយ៉ាងទូលំទូលាយតាមប្រព័ន្ធឌីជីថល និងដោយផ្ទាល់ នៅពេលណាដែលពួកគេត្រូវការចាំបាច់។ ធនាគារ វីង ចង់ប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុឌីជីថលរបស់ខ្លួន ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុដោយសារជំងឺរាតត្បាត និងជួយប្រជាជនកម្ពុជាឲ្យស្តារអាជីវកម្មរបស់ពួកគេឡើងវិញបានលឿនជាងមុន។ បន្ទាប់ពីសម្ពោធជាផ្លូវការនូវអាជ្ញាប័ណ្ណពាណិជ្ជកម្មរបស់ខ្លួននៅឆ្នាំ២០២១កន្លងទៅនេះ ធនាគារ វីង បានបង្កើតឲ្យមានផលិតផលហិរញ្ញវត្ថុជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង សេវាកម្មបើកប្រាក់បៀវត្សរ៍ ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទ។ លើសពីនេះ ធនាគារវីងក៏ផ្តល់ជូនការទូទាត់រាយតាមរយៈ WingPay ហើយថែមទាំងមានវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច «វីងម៉ល» ផងដែរ។ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានឱ្យដឹងថា ធនាគារវីង គឺជាធនាគារពាណិជ្ជពេញលេញមួយ ដោយមានអ្នកប្រើប្រាស់ច្រើនសន្ធឹកសន្ធាប់ បច្ចេកវិទ្យាឌីជីថលប្រកបដោយភាពច្នៃប្រឌិត ផលិតផល និងសេវាកម្មដែលដោះស្រាយបញ្ហាផ្សេងៗ ព្រមទាំងបានចាប់ដៃគូជាមួយក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារពិភពលោក។ ធនាគារ វីង តែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើលទ្ធផលការងារឆ្នើម ដោយខិតខំផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ កាលពីឆ្នាំមុននេះ ធនាគារ វីង មានអ្នកប្រើប្រាស់ជាង១៣លាននាក់ ក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់ខ្លួន។ មានក្រុមហ៊ុនសាជីវកម្មជាង៥០០ និងស្ថាប័នរាជរដ្ឋាភិបាលចំនួន១០ ដែលឥឡូវនេះកំពុងប្រើប្រាស់សេវាកម្មបើកប្រាក់បៀវត្សរ៍ និងការទូទាត់ប្រាក់របស់ធនាគារ វីង ដើម្បីបង្កើនល្បឿននៃការទូទាត់ និងប្រតិបត្តិការអាជីវកម្ម។ បន្ថែមពីនេះទៀត ក៏មានដៃគូអាជីវកម្មចំនួនជាង៨០,០០០ រួមមាន ភោជនីយដ្ឋាន ហាងលក់រាយ ហាងកែសម្ផស្ស ហាងភេសជ្ជៈ ហាងលក់សម្លៀកបំពាក់ និងផ្សេងទៀតជាច្រើន ដែលកំពុងប្រើប្រាស់សេវារបស់ធនាគារ វីង ដោយសារតែជាមធ្យោបាយទូទាត់ប្រាក់ដែលអាចទុកចិត្តបាន និងមានសុវត្ថិភាព។ តាមរយៈ Wing Bank App ធនាគារវីងផ្តល់ជូននូវដំណោះស្រាយឌីជីថលជាង១០០ ដើម្បីដោះស្រាយបញ្ហាជាក់លាក់សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ ធនាគារ វីង ប្តេជ្ញាផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារដែលអនុញ្ញាតឲ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវភាពងាយស្រួល និងសុវត្ថិភាពនៅពេលទទួលបានសេវាកម្មហិរញ្ញវត្ថុ៕

0 Reviews:

Post a Comment