ព្រះសីហនុ: ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ កាលពីថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខ និងសំ ណេះសំណាលជាមួយកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅស្នងការដ្ឋាននគរបាលខេត្ត ស្ថិតនៅសង្កាត់លេខ៣ក្រុងព្រះសីហនុ។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុក្នុងការបំពេញបេសកម្មបម្រើជាតិមាតុភូមិ ពិសេសការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-ភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។
ឯកឧត្ដម អភិបាលខេត្តបានបន្ថែមថា កងកម្លាំងរបស់យើងបានខិតខំបំពេញការងារស្នូលក្នុងការបង្ការ ទប់ស្កាត់នូវរាល់បទល្មើសនានា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បានទាន់ពេលវេលា ទាំងនេះជាស្នាដៃដ៏ធំធេង គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទបានទេ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់កងកម្លាំងបន្តបេសកកម្មរបស់ខ្លួនកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងខេត្ត។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ឯកឧត្តមអភិបាលខេត្ត តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់កងកម្លាំង ព្រមទាំងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមកឧបត្ថម្ភដល់កងកម្លាំងជាបន្តបន្ទាប់ធ្វើឱ្យកងកម្លាំងមានទឹកចិត្តខិតខំបំពេញការងារការពារសន្តិសុខ សុវត្ថិភាពនៅទូទាំងខេត្តព្រះសីហនុ ឱ្យមានភាពសុខសាន្ត។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្ដេចតេជោចំនួន១ម៉ឺនដុល្លាសហរដ្ឋអាមេរិក ឧបត្ថម្ភជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីជាការលើកទឹកចិត្ត ៕
ដោយ៖ ងូ សុមុនី
0 Reviews:
Post a Comment