ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Saturday, January 22, 2022

កម្ពុជា-វៀតណាម ប្តេជ្ញាបន្តធ្វើការយ៉ាងណា ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ចំពោះកាបោះព្រំដែនគោក ដែលនៅសេសសល់ ប្រមាណ ១៦%

អ្នកទស្សនា: Views



ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណា ចក្រកម្ពុជា ពីថ្ងៃទី ១៩-២០ ខែមករា ឆ្នាំ២០២២ សំដៅលើកកម្ពស់ និងធ្វើឱ្យស៊ីជម្រៅទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរទ្វេភាគី រវាងប្រទេស ទាំងពីរ។ 

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តម ប៊ូយ ថាញ់សឺន បានជួបពិភាក្សាទ្វេភាគី ដែលនៅក្នុងឱកាសនោះ រដ្ឋមន្រ្តីការបរទេស ទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងកម្ពុជានិងវៀតណាម ដែលបានរីកធំធាត់ឥតឈប់ឈរលើគ្រប់វិសាលភាព ឈរលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការយូរអង្វែង និងគ្រប់ជ្រុងជ្រោយ។ 

ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម ប៊ូយ ថាញ់សឺន បានសម្តែងនូវការពេញចិត្តជាខ្លាំងចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃដំណើរទស្សនកិច្ច ផ្លូវរដ្ឋរបស់ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាម នាពេលថ្មីៗនេះ ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលនៃកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មការចម្រុះកម្ពុជា- វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (19th JC) ដែលរដ្ឋមន្ត្រី ការបរទេសទាំងពីរបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ នៅពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ 

រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានផ្សារភ្ជាប់នូវសារសំខាន់នៃការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងរវាងភាគីទាំងពីរ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការនានា និងការសម្រេចចិត្តនានារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានស្វាគមន៍ឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម»និងបានទន្ទឹងដល់ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។ ក្នុងន័យនេះ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពប្តេជ្ញាធ្វើការសហការគ្នា ដើម្បីធ្វើ ឱ្យសម្រេចបាននូវការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាការបញ្ចប់បញ្ជីសកម្មភាពរំលឹកខួបអនុស្សាវរីយ៍រួមគ្នា។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានសំដែងការពេញចិត្តចំពោះកំណើនប្រកបដោយស្ថិរភាព នៃពាណិជ្ជកម្មទ្វេភាគី និងបានចែករំលែកទស្សនៈគ្នា ក្នុងការលើកទឹកចិត្តដល់បណ្តាក្រសួង និងទីភ្នាក់ងារពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរក្សានិរន្តរភាពនៃសន្ទុះកំណើននេះ។

 ភាគីទាំងពីរ បានរំលឹកឡើងវិញនូវសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខ និងការពារជាតិ តាមរយៈការផ្លាស់ប្តូរ ព័ត៌មាន និងការសម្របសម្រួល ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋ រួមមានការជួញដូរមនុស្ស និងការរត់ពន្ធគ្រឿងញៀន នៅតាម ព្រំដែនរវាងប្រទេសទាំងពីរ។ចំពោះកិច្ចការព្រំដែន ភាគីទាំងពីរបានកត់សម្គាល់ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមាន ដែលសម្រេចបាន ដោយគណៈកម្មការព្រំដែនចម្រុះ (JBC) ក្នុងការបោះបង្គោល និងកំណត់ខណ្ឌសីមាព្រំដែន ព្រមទាំងបានស្វាគមន៍ចំពោះកំណត់ហេតុ រវាង ប្រធានគណៈកម្មការព្រំដែនចម្រុះ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ដែលភាគីទាំងពីរបានប្តេជ្ញាបន្ត ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ចំពោះព្រំដែនគោកដែលនៅសេសសល់ ប្រមាណ ១៦%។ 

រដ្ឋមន្ត្រីបរទេសទាំងពីរ ក៏បានពិភាក្សាយ៉ាងស៊ីជម្រៅផងដែរ លើវិស័យនានានៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានវិស័យសុខាភិបាល អប់រំ កសិកម្ម ដឹកជញ្ជូន និងបរិស្ថាន ក្នុងចំណោម វិស័យផ្សេងៗទៀត។ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ ដែលនឹងរួមចំណែកដល់ការពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចែករំលែកទស្សនៈដូចគ្នាថា វិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាពិសេសក្នុងបរិបទក្រោយវិបត្តិជំងឺកូវីដ-១៩។ ក្នុងស្មារតីនេះ ភាគីទាំងពីរបានស្វាគមន៍វេទិកាទេសចរណ៍អាស៊ាន (ATF) ឆ្នាំ២០២២ ដែលត្រូវបាននិងកំពុងរៀបចំនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ក្រោមប្រធានបទ «សហគមន៍សន្តិភាព និងអនាគតរួមគ្នា» ។ ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាដែលជាចំណាប់អារម្មណ៍ និងការព្រួយបារម្ភរួម និងសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីនានា ជាពិសេសក្នុងក្របខ័ណ្ឌ អាស៊ាន៕


0 Reviews:

Post a Comment