ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, January 4, 2022

សប្បុរសជន ផ្តល់ថវិកា និងស្បៀងអាហារមួយចំនួន ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត

អ្នកទស្សនា: Views



កណ្តាល : ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នៅថ្ងៃ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកា និងស្បៀងអាហារមួយចំនួន ពីសប្បុរសជននានា រួមមាន៖ លោក ហួរ ហាក់សេង ហាងគ្រឿងអលង្កាពេជ្រ ថនគឹមលី និង លោកជំទាវឧកញ៉ា សួង សីខូច ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ 

ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។ 

ឯកឧត្តម បន្តថា ថវិកា និងស្បៀងអាហារ ដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈ ដែលខេត្តកណ្ដាលកន្លងមកបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ។ ពិសេសប្រជាពលរដ្ឋដែលជួបនូវគ្រោះមហន្តរាយផ្សេងៗ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាបានជួយទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។ 

 ឯកឧត្ដម គង់ សោភ័ណ្ឌ បានសន្យាថា ថវិកា និងស្បៀងអាហារទាំងអស់នេះនឹងរក្សាទុកឱ្យបានត្រឹមត្រូវ និងយកទៅប្រគល់ដល់ដៃប្រជាពលរដ្ឋដែលជួបការលំបាក និងកំពុងត្រូវការជំនួយពីយើងទាំងអស់គ្នា។ ថវិកា និង ស្បៀងអាហារ ដែលសប្បុរសជននាំយកជូនសាខាកាកបាទក្រហមខេត្តកណ្ដាលរួមមាន៖ ទី១-លោក ហួរ ហាក់សេង ហាងគ្រឿងអលង្កាពេជ្រ ថនគឹមលី បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥ ០០០ដុល្លារអាម៉េរិក, ទី២-លោកជំទាវឧកញ៉ា សួង សីខូច បានចូលរួមឧបត្ថម្ភអង្ករ ៥តោន និងមី ១០០កេស ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara

 


0 Reviews:

Post a Comment