ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Friday, January 21, 2022

រដ្ឋបាលខេត្ត បើកកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីគម្រោងរៀបចំបរិស្ថាន

អ្នកទស្សនា: Views


រដ្ឋបាលខេត្ត បើកកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីគម្រោងរៀបចំបរិស្ថាន កណ្តាល ៖ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង១១ ត្រូវបន្តខិតខំបញ្ចេញស្នាដៃរបស់ខ្លួនលើការងារបរិស្ថាន ការងារគ្រប់គ្រងសំរាម និងកាកសំណល់រឹង ដោយត្រូវរៀបចំផែនការថ្មី ដើម្បីអនុវត្តឱ្យបានទទួលលទ្ធផលពិតប្រាកដ សំដៅធ្វើឱ្យខេត្តកណ្ដាល ទាំងមូលទទួលបានជោគជ័យលើការងារគ្រប់គ្រងសំរាម និងកាកសំណល់រឹង។

 ឯកឧត្តម គង់ សោភ័ណ្ឌ បានស្នើឡើងដូច្នេះនៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីគម្រោងរៀបចំបរិស្ថាន និងការអភិវឌ្ឍក្នុងភូមិសាស្រ្តខេត្តកណ្តាល នៅថ្ងៃ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង១១ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការគ្រប់គ្រងសំរាម សំណល់រឹង គឺជាកិច្ចការ សំខាន់បន្ទាន់សម្រាប់យើងទាំងអស់គ្នា ចូលរួមទទួលខុសត្រូវ ដូចពាក្យស្លោករបស់រាជរដ្ឋាភិបាល បានលើកឡើងថា " កម្ពុជាស្អាតផ្ដើមចេញពីយើងម្នាក់ៗ ” ។ 

ដូច្នេះយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗមួយចំនួន ដូចជា ការបើកយុទ្ធនាការប្រមូលសំរាមនៅតាមដងផ្លូវ និងក្នុងប្រភពទីសាធារណៈឱ្យអស់ ការកែលម្អទីលានចាក់សំរាម ការកំណត់ថ្លៃសេវាសំរាម ការអប់រំប្រជាពលរដ្ឋលើការញែក និងទុកដាក់សំរាម ពង្រឹងការទទួលខុសត្រូវរបស់ការិយាល័យជំនាញ ការចូលរួមរបស់វិស័យឯកជន ក្នុងការគ្រប់គ្រងសំរាម និងការពង្រឹងលើការអនុវត្តការផាកពិន័យ ទាក់ទងនឹងបទល្មើស នៃការចោលនិងដុតសំរាមជាដើម។ 

 ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តគោលការណ៍សកល ៣អ៊ែ (3Rs)គឺ៖ កាត់បន្ថយ (Reduce) ប្រើប្រាស់ឡើងវិញ (Reuse) និងកែច្នៃ (Recycle) គឺជាគោលដៅអាទិភាពសម្រាប់កិច្ចគាំពារនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម-បរិស្ថាន បរិយាប័ន្ន ក្នុងគោលដៅលើកកម្ពស់សោភណភាពទីប្រជុំជនខេត្ត-ក្រុង-ស្រុក ឱ្យមានផាសុកភាព និងសុខមាលភាពប្រជាជនទូទៅ នៅក្នុងខេត្ត កណ្តាលទាំងមូល ៕ដោយ ណយ នឿន(ប្រភពៈរដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖ ដារ៉ា


0 Reviews:

Post a Comment