ភ្នំពេញៈទង់ជាតិនៃបណ្តាប្រទេសអាស៊ានត្រូវបានបង្ហូតឡើងជាច្រើនកន្លែងក្នុងខេត្តព្រះសីហនុខណៈពេលវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលរួមមានកិច្ចប្រជុំស្ថាប័នទេសចរន៍ជាតិអាស៊ាន (NTO) កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងការតាំងពិព័រណ៌ទេសចរណ៍ (Travex )នៅខេត្តព្រះសីហនុចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ កាន់តែខិតជិតមកដល់។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ថា ទង់ជាតិនៃប្រទេសអាស៊ានទាំងអស់ត្រូវបានបង្ហូតឡើងនៅ រង្វង់មូលព្រះសិវនិងនាងឧមាភវតី, មហាវិថីជំទាវម៉ៅត្រង់ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ និង មាននៅលើផ្លូវលេខ៧០៥មុខកំពង់ផែ។ ឯវេទិកាបើកកម្មវិធីធ្វើនៅទីលានតេជោ និង កន្លែងតាំងពិព័រណ៌ធ្វើនៅក្នុងបរិវេណសណ្ឋាគារសុខា។
វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ តាមកម្មវិធីរួមមានកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន (NTO) កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និង ការតាំងពីព័រណ៌ទេសចរណ៍ (Travex) នៅខេត្តព្រះសីហនុចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ដែលជាខេត្តជាប់មាត់សមុទ្រមានឆ្នេរខ្សាច់ស្អាត មានកំពង់ផែអន្តរជាតិ ជាខេត្តបាន និងកំពុងមានការអភិវឌ្ឍពហុវិស័យហើយត្រូវបានគេចាត់ទុកថាជាតារាទើបរះនៅទិសនិរតី។
តាមសេចក្តីជូនដំណឹងរបស់ខេត្តព្រះសីហនុកាលពីថ្ងៃទី១៣ ខែមករា បានបង្ហាញឱ្យឃើញថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ ខ្ពស់ក្នុងពិធីបើកវេទិកាទេសណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អង្គទូតនានានិងរដ្ឋមន្ត្រីទេសចរន៍អាស៊ាន ថ្នាក់ដឹកនាំជាន់ខ្ពស់ ស្ថាប័នទេសចរណ៍ជាតិអាស៊ាន ព្រមទាំងក្រុមហ៊ុនជាតិ និង អន្តរជាតិ។
នៅក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោកគួច ចំរើន បានសរសេរទៀតថាដើម្បីចូលរួមអបអរសាទរវេទិកាទេសណ៍អាស៊ានលើកទី៤០ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំបាញ់កាំជ្រួចចំនួនពីរលើក គឺនៅយប់ថ្ងៃទី១៨ និងទី១៩ ខែមករា ឆ្នាំ២០២២ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន៕
0 Reviews:
Post a Comment