ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, December 2, 2021

សម្ដេចប្រធានរដ្ឋសភា៖ មានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ទើបមានថ្ងៃនេះ

អ្នកទស្សនា: Views


 ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានថ្លែងថា មានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ទើបមានថ្ងៃនេះ ហើយសម្ដេចក៏សូមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៣ ទិវាកំណើត “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា"។

នៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃបង្កើតចលនាមហាជនស្នេហាជាតិ ឈ្មោះថា “រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” ដែលក្រោយមកបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” នៅតំបន់រំដោះ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ។ សម្ដេចប្រធានបានរម្លឹកថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ខ្មែរក្រហម។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ និងដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីប្រទេសជាមិត្ត ជិតឆ្ងាយលើសកលលោក បានផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

សម្ដេចប្រធានរដ្ឋសភាបានបន្ថែមថា មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងវិញនូវទំព័រសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាពពេញលេញ និងឱកាសដើម្បីស្ដារ កសាង និងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួនឡើងវិញ។ សម្ដេចពញាចក្រី ហេង សំរិន បានអះអាងថា “បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ”៕ដោយ ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ dara


0 Reviews:

Post a Comment