ភ្នំពេញ៖ សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលមានទីតាំង នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧ មករា បានបើកដំណើរការសាង សង់ហើយ ដែលមានកម្ពស់ ២៦ជាន់ ក្រោមដី៣ជាន់និងអាចដាក់គ្រែសំរាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ទៅ២០០គ្រែ ហើយគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេលពី៤ទៅ៥ឆ្នាំ ។
ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាតាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសេចក្តីចម្រើន បើកការដ្ឋាន សាងសង់ បានធ្វើឡើងនៅរសៀលថ្ងៃទី៦ធ្នូនេះ ក្រោមវត្តមាន ឯកឧត្ដមឃួង ស្រេងអភិ បាលនៃគណៈអភិបាលរាជធានី ភ្នំពេញ និងលោកជំទាវ ដោយមានលោកវេជ្ជបណ្ឌិតឈុន ឡាយ ជាតំណាងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ។
បើតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះបានគូសបញ្ជាក់ថា ដោយមានការផ្តល់ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ឯកឧត្ដមឃួង ស្រេង និងលោកជំទាវ បានធ្វើឱ្យគម្រោងសាងសង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនាពេលនេះ ចេញជារូបរាង ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបទាន់សម័យ និងគ្រប់ជំនាញ។
លោកតំណាងមន្ទីរពេទ្យបញ្ជាក់ទៀតថា សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ សាងសង់មានកម្ពស់២៦ជាន់,ក្រោមដី៣ជាន់និងអាចដាក់គ្រែសំរាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ទៅ២០០គ្រែ និងគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយៈ ពេលពី៤ទៅ៥ឆ្នាំ ដែលជាពេទ្យឯកជនហើយបម្រើសេវាសុខភាពដូចពេទ្យរដ្ឋដែរ ដោយគិតទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋដែលខ្វះខាតជា ចម្បង។
សូមបញ្ជាក់ថា សម្រាប់ក្របខណ្ឌ័រាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញរួមនឹងអង្គភាពជំនាញ បានដំណើរការបង្ខិតសេវាសុខាភិបាល ពង្រឹងនិងពង្រីកយន្តការនៃការផ្តល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការចូលរួមរបស់សេវាសុខាភិបាលឯកជន ក្នុងនោះគិតត្រឹមឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញមានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៧, មន្ទីរពេទ្យបង្អែកចំនួន១,មន្ទីរពេទ្យថ្នាក់ស្រុកចំនួន៧,មណ្ឌលសុខភាពចំនួន៤៣,ប៉ុស្តិ៍សុខភាពចំនួន៧ដែលជាសេវាគ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាល ឯកជនចំនួន២៧៥៧ ទីតាំងបន្ថែមទៀត កំពុងផ្តល់សេវាពិនិត្យពិគ្រោះនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ក្នុងដំណាក់កាលរីករាលដាល នៃជំងឺកូវីដ-១៩ អាជ្ញាធររាជធានី ភ្នំពេញដែលដឹកនាំដោយ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមនិងកងកម្លាំងប្រដាប់អាវុធ,មន្ត្រីរាជការ រួមនិងអង្គភាពជំនាញបានខិតខំប្រឹងប្រែង យ៉ាងពេញទំហឹងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងរាជធានីភ្នំពេញ តាមរយៈការអនុវត្តន៍វិធានចម្បងៗរបស់ក្រសួងសុខាភិបាល និងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បី បម្រើសុខុមាភាពរបស់ប្រជាពលរដ្ឋ៕
0 Reviews:
Post a Comment