ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, December 14, 2021

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី ៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ

អ្នកទស្សនា: Views

   

ភ្នំពេញ :ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះខួបលើកទី ៦៦ឆ្នាំ ជាថ្ងៃដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២១)។

នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា អបអរសាទរខួប ៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ជាខួប៦៦ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២១)។ សម្ដេចតេជោបន្តថា អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN) គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។ គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនឱ្យមានសង្គ្រាមលោក។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រី ទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៊ីរី សាយប្រឹស ម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ចេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេ ដែលផ្តល់ឱកាសឱ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ សម្ដេចតេជោក៏បានជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ​ កុសល

0 Reviews:

Post a Comment