ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, December 1, 2021

រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំបញ្ចប់ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចនៅស្រុកសំបូរ និងស្រុកព្រែកប្រសព្វ

អ្នកទស្សនា: Views


 ក្រចេះ: ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តក្រចេះ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះសិក្សាលើទីតាំងដី ដែលប្រជាពលរដ្ឋមិនទាន់បានប្រើប្រាស់ និងដីដាំដុះក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន ស៊ី អេច ភី ប៊ី ឌីវេឡុបមេន ស្ថិតក្នុងឃុំកំពង់ចាម ឃុំវឌ្ឍនៈ ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ កាលពីរសៀលថ្ងៃ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។

លោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោ ដីខេត្តក្រចេះ បានឱ្យដឹងថា ក្រុមហ៊ុន ស៊ី អេច ភី ប៊ី ឌីវេឡុបមេន ទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការវិនិយោគលើដីសម្បទានសេដ្ឋកិច្ច ស្ថិតក្នុងស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ទំហំ ១២ ២០០.២៩ហិកតា ។

លោកប្រធានមន្ទីរបញ្ជាក់ថា យោងតាមលទ្ធផលការងារ ចុះសិក្សាផលប៉ះពាល់លម្អិតក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ដែលក្រុមការងារចម្រុះខេត្ត ស្រុក បានចុះវាស់វែង យើងបានកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ តាមរូបមន្តស្បែកខ្លាលើផ្ទៃដីទំហំ ៧ ៥០៤.៩៧ហិកតា ដែលប្រជាពលរដ្ឋបានចូលទន្រ្ទានកាន់កាប់ និងផ្ទៃដីដាំដុះទំហំ ២ ៦៨៦.៨៦ហិកតា ដើម្បីចុះបញ្ជីជាដីឯកជនរបស់រដ្ឋ ជូនក្រុមហ៊ុនធ្វើការវិនិយោគបន្ត ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តក្រចេះ បានបញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត បានសម្រេចអនុវត្តន៍តាមរូបមន្ត ស្បែកខ្លា ដែលជាគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដើម្បីបញ្ចប់ទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ពីរាជរដ្ឋាភិបាលក្នុងការធ្វើការអភិវឌ្ឍន៍បន្តលើផ្ទៃដីរបស់ខ្លួនប្រកបដោយសុវត្ថិភាព និងស្របច្បាប់ ។

នៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមអភិបាលខេត្តក្រចេះ បានសម្រេចបិទបញ្ចប់នូវទំនាស់ដីខាងលើនេះ ដោយបានជំរុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ត្រៀមរៀបចំបិទផ្សាយនូវការចុះបញ្ជីដីឯកជនរបស់រដ្ឋ នៅមូលដ្ឋានទំនាស់នោះជូនប្រជាពលរដ្ឋឱ្យបានដឹង ហើយអាជ្ញាធរស្រុក ឃុំ និងក្រុមហ៊ុន ត្រូវសហការគ្នាដើម្បីចុះកាយប្រឡាយក្រវាត់ព្រំដី រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ដោយប្រាកដថា ពុំមានការចូល ទន្រ្ទានកាន់កាប់ដី ដោយខុសច្បាប់បន្តទៀតឡើយ ៕ដោយជួន សុជាតិ សម្រួលផ្សាយដោយ៖ dara


0 Reviews:

Post a Comment