ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, October 13, 2021

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាជនឲ្យបានល្អ

អ្នកទស្សនា: Views


ភ្នំពេញ: សម្ដេចក្រឡាហោម ស ខេងបានណែនាំឲ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានល្អ ដើម្បីបម្រើប្រជាពលរដ្ឋ ក្នុងការប្រកបរបរអាជីវកម្ម និងការស់នៅប្រកបដោយសេចក្ដីសុខ និងគ្មានការភ័យខ្លាច។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលខេត្តរតនគិរីថ្មី កាលពីថ្ងៃ ទី១២ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តរតនគិរី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំ ដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត ក្នុងការប្រកបរបរអាជីវកម្មរបស់ពួកគាត់ ដោយធានាឲ្យបាន នូវសេចក្តីសុខ និងគ្មានការភ័យខ្លាច ព្រមទាំងដោះស្រាយបញ្ហាជូនពួកគាត់ភ្លាមៗ ប្រសិនបើជួបបញ្ហាអ្វីមួយកើតឡើង។ សម្តេចក្រឡាហោមបានបញ្ជាក់ថា ដើម្បីទទួលបានគាំទ្រ និងសេចក្តីទុកចិត្តពីប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានត្រូវពង្រឹងការអនុវត្តន៍ គោលនយោបាយភូមិឃុំមានសុវត្ថិឲ្យបានល្អជាប្រចាំ គឺទី១. ផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយមានគុណភាព តម្លាភាពនិងទទួលបានជំនឿទុកចិត្ត ។ ទី២. គ្មានបទល្មើស លួច ឆ្លក់ ប្លន់ គ្មានគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និង បទល្មើសគ្រប់ប្រភេទ ។ ទី៣. មានសណ្នាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ទី៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេស ស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារនិងគ្មានក្មេងទំនើង។ ទី៥. ដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព ។ ទី៦.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និងទី៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាត កាចសាហាវប្រកបដោយ ប្រសិទ្ធភាព។

«ដើម្បីប្រជាពលរដ្ឋគាត់រស់នៅនិងប្រកបអាជីវកម្មដោយសុខសាន្តដោយគ្មានការភ័យខ្លាចចឹងទេការដឹកនាំគណៈបញ្ជាការឯកភាពខេត្តដូចជាស្រុកនេះគឺមានសារសំខាន់ណាស់ក្នុងការគ្រប់គ្រងសន្តិសុខនៅក្នុងតំបន់ឬក៏ដែលសមត្ថកិច្ចដែលខ្លួនគ្រប់គ្រង»។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ទៀតថា រដ្ឋបាលរាជធានី-ខេត្ត ឬ ស្រុក-ក្រុង គឺ ជាតួអង្គដ៏មានសារសំខាន់ ក្នុងការគ្រប់គ្រងសន្ដិសុខ នៅក្នុងតំបន់ ឬ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅមានសេចក្ដីសុខ និងការរីកចម្រើន៕ដោយ ៖ ហាន់ស្រីណាសម្រួល:ដារ៉ា

0 Reviews:

Post a Comment