ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនី យ៍ ហ៊ីង ប៊ុនហៀង និង ក្រុមករងារប្រមូលទិញនូវកសិផលមៀនប៉ៃលិន (តាង៉ែន) នៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលកំពុងជួបប្រទះក្នុងការនាំចេញទៅក្រៅប្រទេស បណ្ដា លមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង ។
ក្នុងនោះតំណាងប្រជាកសិករដាំដំណាំមៀនប៉ៃលិន (តាង៉ែន) បានបង្ហាញនូវភាពសប្បាយរីករាយ ខណៈទីផ្សារផ្លែមៀនរបស់គាត់លែងជាបញ្ហាចោទ ដោយសារតែមានការប្រមូលទិញពីក្រុមការងាររបស់សម្ដេចតេជោ ធ្វើឱ្យការខាតបង់ថ្លៃដើមផលិតត្រូវបានកាត់បន្ថយបានច្រើន។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីឱ្យសម្រេចបានជោគ ជ័យក្នុងការប្រមូលទិញផ្លែតាង៉ែន តាមការណែនាំពីប្រមុខដឹកនាំរាជរដ្ឋាភិបាលនោះ រដ្ឋបាលខេត្តបាត់ដំបង បានចូលរួមសហការជាមួយក្រុមការងាររបស់សម្តេចតេជោ ដោយបានណែនាំដល់រដ្ឋបាលស្រុកទាំង៦របស់ខេត្តបាត់ដំបង ដែលមានដាំដំណាំផ្លែមៀនប៉ៃលិន ឬ ផ្លែតាង៉ែន គឺស្រុកសំពៅលូន ភ្នំព្រឹក កំរៀង សំឡូត រតនៈមណ្ឌល និងស្រុកបាណន់ ព្រមទាំងស្រុកមួយចំនួនទៀត ក្នុងការជូនដំណឹងដល់កសិករក្នុងមូលដ្ឋានរបស់ខ្លួនបានដឹង ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា សម្រាប់មៀនប៉ៃលិន (ផ្លែតាង៉ែន)នេះ គឺនឹងយកទៅចែកជូនដល់កងទ័ព នគរបាល កងរាជអាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និង ដើម្បីជួយរំលែកកុំឱ្យប្រជាកសិករខាតបង់ច្រើនពេក ហើយការចុះប្រមូលទិញនេះ មិនទាន់កំណត់ពេលវេលានោះទេ ពោលគឺបន្តប្រមូលទិញជាបន្តបន្ទាប់ទៀត ។
សូមបញ្ជាក់ថា តាមរយៈនៃការចុះទិញផ្លែតាង៉ែន របស់ក្រុមការងារបានកំណត់យកតម្លៃព្រមព្រៀងគ្នានៅនឹងចម្ការផ្ទាល់ គឺ ១ ៨០០៛ ក្នុងមួយគីឡូក្រាម ។
ដោយឡែកបើដឹកទៅដល់ទីតាំងនៅទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង មានតម្លៃ ២ ៥០០៛ ក្នុងមួយគីឡូក្រាម ។ តែក្នុងនោះផ្លែតាង៉ែនទាំងអស់ត្រូវបានកាត់តែងឱ្យបានស្អាតត្រឹមត្រូវ ដូចការវេចខ្ចប់សម្រាប់យកទៅលក់លើទីផ្សារ និង ការនាំចេញផងដែរ ៕
(ប្រភព:រដ្ឋបាលខេត្តបាត់ដំបង)
0 Reviews:
Post a Comment