ស្ទឹងត្រែង: អាជ្ញាធរខេត្តស្ទឹងត្រែង បានដាក់ចេញ នូវវិធានការ ទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងបន្តបិទខ្ទប់ ក្រុងស្ទឹងត្រែងទាំងមូល ក្នុងរយៈពេលមួយសប្តាហ៍ បន្ថែមទៀត បន្ទាប់ពីស្ថានភាព ឆ្លងរាលដាលជំងឺ ដ៏កាចសាហាវមួយនេះ មិនទាន់មានការថយចុះ។
ភូមិមួយចំនួន និងផ្សារក្រុងស្ទឹងត្រែង ត្រូវបានបិទខ្ទប់ មិនឱ្យមានសកម្មភាពលក់ដូរ ហើយប្រជាពលរដ្ឋ អាជ្ញាធរ តម្រូវឲ្យស្នាក់នៅក្នុងផ្ទះមួយរយៈ បន្ទាប់ពីជំងឺកូវីដ១៩ បំប្លែងថ្មី បានឆ្លងរាលដាល កាន់តែអាក្រក់ឡើង។
ដើម្បីអនុវត្តទៅតាមវិធានការ របស់ក្រសួងសុខាភិបាល អាជ្ញាធរបានដាក់កងកម្លាំង សមត្ថកិច្ច និងរនាំងការពារ នៅតំបន់មួយចំនួន ក្លាយជាតំបន់រាំងខ្ទប់ ធ្លាប់តែមាន ភាពអ៊ូអរ បានក្លាយទៅជា ស្ងាត់ជ្រងំ។
ចំពោះអ្នកមិនអនុវត្ត ទៅតាមការណែនាំ ឬល្មើសនឹងបំរាមនៃច្បាប់ ស្ដីពីវិធានការ ទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ត្រូវបានឃាត់ខ្លួន ផាកពិន័យអន្តរការណ៍។
យោងតាមមាត្រា ១០ បទមិនគោរពវិធានរដ្ឋបាល ដែលបានដាក់ចេញ ដោយ សមត្ថកិច្ច ដើម្បីប្រយុទ្ធទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ត្រូវផ្ដន្ទាទោស ពិន័យអន្តរការណ៍ ពី ១ លាន ដល់ ៥ លានរៀល។
ក្នុងរយៈពេលបិទខ្ទប់នេះ ក៏មានអ្នកល្មើសបម្រាម តំបន់បិទខ្ទប់ ត្រូវបានផាកពិន័យ អន្តរការណ៍ ជាច្រើនករណីមកហើយ។
ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅខេត្តស្ទឹងត្រែង រហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងសរុប ចំនួន ៩២០ នាក់ ក្នុងនោះ មានប្រភេទដែលតា (Delta) កើនដល់ ៥៨ នាក់ អ្នកជាសះស្បើយ ៥៦៥ នាក់ កំពុងសម្រាកព្យាបាល ៣៤៦ នាក់ និងមានអ្នកស្លាប់ ចំនួន ៩ នាក់។
លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែង បានបញ្ជាក់ថាៈ អ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី ដែលតា គឺជាអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល ក្នុងមណ្ឌលព្យាបាល ស្ទឹងត្រែង។ ចំពោះការចាក់វ៉ាក់សាំង នឹងបន្តទៅតាមផែនការ ដដែល។
លោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានថាៈ អ្នកដែលល្មើសនឹងបម្រាម ត្រូវតែផាកពិន័យ។ ករណីមិនអនុវត្ត ឬប្រឆាំងទៅនឹងវិធានការ ដែលសមត្ថកិច្ច កំពុងអនុវត្ត អាចនឹងបញ្ជូនសំណុំរឿង ទៅតុលាការ៕
0 Reviews:
Post a Comment