ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, August 5, 2021

ឯកឧត្តម ហ៊ុន ម៉ានិតកោតសរសើររដ្ឋបាលខេត្តប៉ៃលិនក្នុងការរៀបចំ ប្រជាពលរដ្ឋធ្វើចត្តាឡឺស័កនិងព្យាបាលជំងឺកូវីដ-១៩បានល្អ

អ្នកទស្សនា: Views

 


នៅក្នុងដំណើរអញ្ជើញបំពេញបេសកកម្មនៅក្នុងភូមិសាស្ត្រខេត្តនៅប៉ៃលិនកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការត្រួតពិនិត្យការចេញចូល ប្រទេស និងធ្វើចត្តាឡីស័ក បានសម្ដែងការកោតសរសើរចំពោះរដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវបានស្រីមុំ និងមន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំទីតាំងសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរមកពីព្រះរាជាណាចក្រថៃ និងបងប្អូនដែលធ្វើដំណើរមកពីបណ្ដាខេត្តផ្សេងៗទទួលធ្វើចត្តាឡីស័កនិងការព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយផាសុកភាព។ ឯកឧត្តមបានសុំឱ្យប្រជាពលរដ្ឋយើងដែលកំពុងតែធ្វើចត្តាឡីស័កនិងកំពុងតែព្យាបាលជំងឺកូវីដ-១៩ នៅក្នុងខេត្តប៉ៃលិនទាំងអស់គឺខិតខំអត់ធ្មត់ស្ដាប់តាមការណែនាំរបស់ប្រធានមណ្ឌលនីមួយៗ នៅក្នុងអំឡុងពេលដែល ប្រទេសកម្ពុជាយើងកំពុងឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយជាពិសេសនោះបច្ចុប្បន្នជំងឺកូវី-១៩បំប្លែងថ្មីដែលមានឈ្មោះថា ដែលតា កំពុងតែរីករាលដាលនៅក្នុងបណ្ដាខេត្តជាប់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជានិងក៏បានឆ្លងចូលទៅដល់រាជធានីភ្នំពេញមួយចំនួនផងដែរ ដូច្នេះឯកឧត្តមសូមឱ្យបងប្អូនដែលកំពុងធ្វើចត្តាឡីស័កមានសភាពអត់ធ្មត់និងខិតខំប្រឹងប្រែងថែទាំសុខភាពឲ្យបានល្អធ្វើយ៉ាងណាត្រូវរស់នៅនិងធ្វើចត្តាឡឺស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាវិធានការនានារបស់រដ្ឋបាលខេត្តប៉ៃលិនក្នុងអំឡុងពេលធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ ។

លោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិនដែលបានទទួលស្វាគមន៍ដំណើរបេសកកម្មរបស់ឯក ឧត្តម ហ៊ុនម៉ានិតនោះ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះខេត្តប៉ៃលិនបានរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កនិងទីតាំងសម្រាប់ព្យាបាលបងប្អូនប្រជាពលរដ្ឋដែលមានផ្ទុកជំងឺកូវីដ១៩ ចំនួន៩ ទីតាំង ក្នុងនោះនៅក្នុងក្រុងប៉ៃលិនចំនួន ០៣ទីតាំង និង នៅស្រុកសាលាក្រៅចំនួន ០៦ទីតាំង។ លោកជំទាវបន្តថាសម្រាប់ទីតាំងធ្វើចត្តាឡីស័កនិងការព្យាបាលត្រូវបានរៀបចំតាមលក្ខណៈស្តង់ដារតែមួយ ដែល មានសម្ភារប្រើប្រាស់ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើងនិងបន្ទប់ទឹក បង្គន់អនាម័យប្រើប្រាស់ ការផ្គត់ផ្គង់អាហារបីពេល គ្រប់គ្រាន់សមរម្យ។ ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានទទួលបងប្អូនប្រជាពលករដែលមកពីបណ្ដាខេត្តផ្សេងៗផងដែរដូចជាខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាបជាដើម។

សូមបញ្ចាក់ថា ដើម្បីកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កាន់តែលឿនជាពិសេសវីរុសបំប្លែងខ្លួនថ្មីហៅថាដែលតា រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ខេត្តចំនួន០៧ ដែលមានព្រំប្រទល់ជាមួយនឹងព្រះរាជាណាចក្រថៃ រួមមានខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យឧត្តរមានជ័យ ព្រះវិហារនិងរួមមានខេត្តសៀម រាបផងដែរ។ ដោយឡែកសម្រាប់ ខេត្តប៉ៃលិនផ្ទាល់ក៏បាន ដាក់ចេញនូវសេចក្ដីសម្រេច និងសេចក្ដីណែនាំចំនួនពីរផ្សេងគ្នាដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងនោះរួមមានការអនុវត្តន៍វិធានការបម្រាមគោចរចន្លោះពីម៉ោង៩ យប់ ដល់ម៉ោង៣ទៀបភ្លឺ និងការផ្អាកជាបណ្ដោះអាសន្នរយៈពេល១៤ ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នូវមុខរបរអាជីវកម្មដូចជាខារ៉ាអូខេ រមណីយដ្ឋាន អាជីវកម្មម៉ាស្សា ហាងលក់និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ កន្លែងហាត់ប្រាណ ព្រមទាំងកន្លែងលេងកីឡាផ្សេងៗទៀត ការជួបជុំឬការប្រមូលផ្ដុំជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០នាក់ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចលើកលែងតែករណីក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋានឬទីសំណាក់ជាមួយគ្នា ការហាមឃាត់ការជួបជុំឬការប្រមូលផ្ដុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទភោជនីយដ្ឋាន អាហារដ្ឋានអនុញ្ញាតឲ្យប្រកបអាជីវកម្មរបស់ខ្លួនត្រឹមជាលក្ខណៈ វេចខ្ចប់ប៉ុណ្ណោះដោយមិនអនុញ្ញាតឲ្យអតិថិជនចូលមកទទួលទាននៅក្នុងបរិវេណទីកន្លែងរបស់ខ្លួនឡើយ លើកលែងតែភោជនីយដ្ឋាននិងអាហារដ្ឋានដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សានូវគម្លាតសុវត្ថិភាពបុគ្គលនិងសង្គម សកម្មភាពការជួបជុំឬការប្រមូលផ្ដុំមនុស្សសកម្មភាពការងារមុខរបរនិងអាជីវកម្មដែលត្រូវបានអនុញ្ញាតត្រូវអនុវត្តវិធានការសុវត្ថិភាពសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាពិសេសកាតព្វកិច្ចពាក់ម៉ាស់និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គលនឹងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគការវាស់កម្ដៅនិងការអនុវត្តន៍វិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត៕

ប្រភព៖មន្ទីរព័ត៌មានខេត្តប៉ៃលិន


0 Reviews:

Post a Comment