ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Saturday, August 14, 2021

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះត្រួតពិនិត្យការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសទី៣ ជូនអតីតយុទ្ធជនកម្ពុជានៅខេត្តត្បូងឃ្មុំ

អ្នកទស្សនា: Views


ត្បូងឃ្មុំ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានអញ្ជើញចុះពិនិត្យការបើក យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (Astrazeneca) ដែលជាដូសទី៣ឬដូសជំរុញ ជូនអតីតយុទ្ធជនកម្ពុជា ជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពនៅក្នុងខេត្តត្បូងឃ្មុំ ចំនួនប្រមាណជាង២.០០០នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។

ថ្លែងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ជូនដល់អតីតយុទ្ធជននៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ថា ៖ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនដល់អតីតយុទ្ធជនកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ គឺដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីសុខុមាលភាព របស់បងប្អូនអតីតយុទ្ធជន ដែលពួកគាត់បានពលីជួយជាតិមាតុភូមិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយអនុវត្តតាមវិធានទាំងឡាយ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ៣កុំ (កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំ កុះករ) និង៣ការពារ (ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ជែល អាល់កុល និងរក្សាគម្លាតចាប់ពី១.៥ម៉ែត្រឡើងទៅ)។

សូមបញ្ចាក់ថា៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (Astrazeneca) ដែលជាដូសទី៣ ឬ ដូសជំរុញ ជូនដល់អតីតយុទ្ធជន នាពេលនេះ ស្របពេលដែលរដ្ឋបាលខេត្តត្បូងឃ្មុំបើកដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី៣ ជូនដល់មន្ត្រីរាជការ នៅសាលាខេត្តត្បូងឃ្មុំ មន្ទីរជុំវិញខេត្ត អាជីវករ អ្នកសារព័ត៌មាន ក្នុងស្រុក/ក្រុងទាំង៧ នៅតាមបណ្តាទីតាំងចំនួន៧កន្លែង មានដូចជា ៖ មន្ទីរពេទ្យបង្អែកព្រះនរោត្តម សីហនុ ត្បូងឃ្មុំ សាលាបឋមសិក្សាវាលកណ្ដៀង មន្ទីរពេទ្យបង្អេកស្រុកពញាក្រែក មន្ទីរពេទ្យបង្អែកស្រុក តំបែរ មន្ទីរពេទ្យបង្អែកស្រុកអូរាំងឪ មន្ទីរពេទ្យបង្អែកស្រុកមេមត់ និងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ៕


0 Reviews:

Post a Comment