ភ្នំពេញ :ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នៅចំពោះមុខឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកជំទាវអនុរដ្ឋមន្រ្តី ក្រសួងការបរទេសសហរដ្ឋអាមេរិក មកកាន់កម្ពុជាកាលពីពេលថ្មីៗនេះ។
ការលើកឡើងរបស់សម្តេចក្រឡាហោមបែបនេះ ធ្វើឡើងក្នុងឱកាស នៃជំនួបទ្វេភាគីរវាងសម្តេច និងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នាទីស្តីក្រសួងមហាផ្ទៃ។
សម្រាប់សម្ដេចក្រឡាហោម តាមរយៈទស្សនកិច្ចនេះដ៏មានសារៈសំខាន់នេះ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាយថែមទៀត។
ក្រៅពីលើកឡើងនូវទំនាក់ទំនងការទូតជាមួយអាមេរិក សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណតាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូត ជូនចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្ដល់ការគាំទ្រដល់ការងារជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា។
ដោយឡែកលើវិស័យអនុវត្តន៍ច្បាប់វិញ សម្ដេចក្រឡាហោម និងឯកឧត្តម ឯកអគ្គរដ្ឋ ទូតសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ លើការងារប្រយុទ្ធប្រឆាំងបទល្មើស ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសកិច្ចគាំពារកុមារ និងការអនុវត្តតាមសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។
សម្ដេចក្រឡាហោមបានបន្តថា ក្រៅពីការងារពង្រឹងកិច្ចសហប្រតិបត្តិការ ការអនុវត្តច្បាប់ ភាគីទាំងពីរក៏អាចកំណត់នូវវិស័យផ្សេងៗទៀត សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ។ នៅក្នុងវិស័យបរិស្ថានវិញ សម្ដេចមានប្រសាសន៍ថា កម្ពុជាតែងតែគិតគូរ និងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថ្លឹងថ្លែងអំពីការអភិវឌ្ឍ និងផលប៉ះពាល់ទៅលើបញ្ហា បរិស្ថាន។
ជាក់ស្តែងសម្ដេចផ្ទាល់ តែងតែផ្ដល់ការលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរនៅមូលដ្ឋានឱ្យបន្តកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងរួមគ្នាបម្រើផលប្រយោជន៍រួម។
សម្ដេចបានបន្ថែមថា រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន តែងតែចាត់ទុកអ្នកធ្វើការងារផ្នែកបរិស្ថានជាដៃគូ និងតែងតែលើកទឹកចិត្តអ្នកធ្វើការងារពាក់ព័ន្ធនឹងបញ្ហានេះ ចាត់ទុកគ្នាជាដៃគូទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហារួមជាមួយគ្នា៕
0 Reviews:
Post a Comment